(ហ្ស៊ីមបាវេ)៖ ប្រធានាធិបតីហ្គីណេ លោក Alpha Conde បាននិយាយថា ការដណ្ដើម​អំណាចរបស់​យោធាហ្ស៊ីមបាវេ និងការឃុំខ្លួន​លោកប្រធានាធិបតី Robert Mugabe មើលទៅ​ហាក់ដូចជា​ការធ្វើរដ្ឋប្រហារយោធា។ ប៉ុន្តែ​ក្រុមយោធាបាន​​បដិសេធ​ដោយ​អះអាងថា លោក Mugabe កំពុងស្ថិតនៅ​កន្លែងមាន​សុវត្ថិភាព ខណៈពួកគេកំពុង​បោស​សំអាត​​ពួកឧក្រិដ្ឋជន នៅជុំវិញរូបលោកតែប៉ុណ្ណោះ ប៉ុន្តែពុំទាន់​មាននរណា​មួយអះអាង​ថា តើមេដឹកនាំវ័យ ៩៣ឆ្នាំរូបនេះ កំពុងស្ថិតនៅទីណាឲ្យប្រាកដ​ឡើយ។ នេះបើតាម​ការចេញ​ផ្សាយដោយ សារព័ត៌មាន BBC​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

ការលើកឡើង​បែបនេះរបស់ លោក Conde​ ធ្វើឡើងឆ្លើយតប​ទៅស្ថានការណ៍​បច្ចុប្បន្ន នៅហ្ស៊ីមបាវេ។ លោក Conde បានបញ្ជាក់​យ៉ាងខ្លី​ដូច្នេះថា «យោធាហ្ស៊ីមបាវេ​ហាក់ដូចជា កំពុងព្យាយាម​ដណ្ដើមអំណាច... ដែលនេះជា​ការព្រួយបារម្ភ​ដ៏ធំ របស់សហភាព​អាហ្រ្វិក ប៉ុន្តែសហភាព​អាហ្រ្វិក​ នៅតែប្រកាន់គោលជំហរដដែល នោះគឺគំាទ្រ​យ៉ាងពេញទំហឹង ដល់រាល់ស្ថាប័ន​ស្របច្បាប់​នៃប្រទេស​ហ្ស៊ីមបាវេ»

ដោយឡែក ជុំវិញវិបត្តិហ្ស៊ីមបាវេ​នេះដែរ ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក Jacob Zuma កាលពីថ្ងៃពុធម្សិលមិញនេះ​បានឱ្យ​ដឹងថា លោក Robert Mugabe បានប្រាប់​លោកតាមទូរ​ស័ព្ទថា រូបលោកត្រូវបាន​គេឃុំខ្លួន​នៅក្នុងផ្ទះរ​បស់លោក ក្នុងរដ្ឋធានី Harare តែលោកមាន​សុវត្ថិភាព។ ចំណែកឯ ប្រព័ន្ធផ្សព្វផ្សាយ ជាច្រើននៅក្នុង ស្រុកក៏បានរាយការណ៍ដែរថា ភរិយា លោក Mugabe ទំនងជាបានជិះយន្ដហោះចាកចេញពីប្រទេសហ្ស៊ីមបាវេ ឆ្ពោះទៅកាន់ប្រទេស Namibia ហើយ។

គួរជម្រាបថា កាលពី​សប្តាហ៍មុន លោក Mugabe បានបណ្តេញ​អនុប្រធានាធិបតី លោក Emmerson Mnagawa ដែលជាសម្ព័ន្ធមិត្ត​នយោបាយជាង ៤០ឆ្នាំ របស់លោក​ក្រោមការ ចោទប្រកាន់ថា ពុំមានភាព​ស្មោះត្រង់។ តែទង្វើនេះត្រូវបានគេមើលឃើញថា ជាការពង្រឹង​អំណាច​របស់ លោក Mugabe ដែលមានចេតនា​ចង់តែងតាំង​ប្រពន្ធរបស់លោក​ ផ្ទាល់ធ្វើជា​អនុប្រធានាធិបតី​ជំនួសវិញ ហើយរហូតមក​ដល់ថ្ងៃពុធ​ម្សិលមិញ ទើបមាន​សេចក្តីរាយការណ៍​ថា កងកម្លាំងយោធា​ រួមជាមួយនឹងកងកម្លាំង​ការពារជាតិ ហ្ស៊ីមបាវេ (ZDF) ត្រូវបានគេ រាយការណ៍ថា បានធ្វើការគ្រប់គ្រង​និងកាន់កាប់រាល់បណ្តាញសារព័ត៌មាន​ទាំងអស់ក្នុងស្រុក​ ដែលវាគឺជាផ្នែក​នៃការធ្វើរដ្ឋប្រហារ​ទម្លាក់ លោក Robert Mugabe។

មួយវិញទៀត ហេតុការណ៍នេះ​បានកើតឡើងនៅ​រយៈពេល ០២ថ្ងៃ បន្ទាប់ពីកម្លាំង​យោធាបានព្រមានថា នឹងលូកដៃចូលកិច្ចការ​នយោបាយ ដើម្បីបញ្ចប់​ភាពតានតឹង​ដែលបង្កឡើង​ដោយ សារតែការបណ្តេញ​អនុប្រធានាធិបតីហ្ស៊ីមបាវេ ដែលគេមើល ឃើញថា អាចជាអ្នកស្នង​តំណែងបន្ត​ពីប្រធានាធិបតី លោក Robert Mugabe ចេញពីអំណាច។ លោក Mugabe បាន ក្លាយជាមេដឹកនាំ​ប្រទេសយូរ​ជាងគេនៅ​អាហ្វ្រិក និងតែមួយគត់​របស់ហ្ស៊ីមបាវេ បន្ទាប់ពីប្រទេសស្ថិត​នៅភាគខាងត្បូង ទ្វីបអាហ្វ្រិក​មួយនេះ ទទួលបានឯករាជ្យពីចក្រភព​អង់គ្លេស កាលពីឆ្នាំ១៩៨០៕