(ណៃពិដោ)៖ មេដឹកនាំមីយ៉ាន់ម៉ា​ លោកស្រី អោងសាន ស៊ូជី បានប្រតិកម្មតបត​ទៅនឹង ការចោទប្រកាន់​មកលើរូប​លោកស្រី​ដែល​ថា លោកស្រី បានបាត់​មាត់បាត់​ក​ ក៏ដូចជាមិនរវីរវល់អ្វីបន្តិចសោះ ចំពោះវិបត្តិ​ពូជសាសន៍​ នៃជនជាតិដើម​រូហ៊ីងយ៉ា នៅរដ្ឋ​ភាគ​ខាង​​ជើង​ប្រទេស ដែលបានអូស​បន្លាយអស់ជាច្រើន​ខែមក​ហើយ​។ នេះ​បើ​​តាម​​ការ​ចេញ​ផ្សាយ​​ដោយ សារព័ត៌មាន NDTV នៅ​ព្រឹក​​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

ផ្ទុយទៅវិញ​លោកស្រី  ស៊ូជី បានលើក​ឡើងថា លោកស្រីបាន​ផ្តោតការយកចិត្ត​ទុកដាក់ ទៅលើការ​និយាយស្តី ដែល​មិន​បង្កើន​​ភាព​​តាន​​តឹង។ ថ្លែងក្នុងសន្និសីទ​សារព័ត៌មាន​រួមជាមួយ រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក រ៉ិច ធីល្លឺសុន នៅឯរដ្ឋធានី​ណៃពិដោ លោកស្រី អោងសាន ស៊ូជី បានបញ្ជាក់ថា «ខ្ញុំពុំបានបាត់​មាត់ឈឹង​នោះឡើយ... ន័យរបស់មនុស្ស​រាល់គ្នា​នោះគឺថា អ្វីដែល​ខ្ញុំ​​និយាយ វាពុំគួរឲ្យចាប់​អារម្មណ៍​គ្រប់គ្រាន់។ អ្វីដែល​ខ្ញុំនិយាយពុំមែនសំដៅ​ចង់ឲ្យមានការ​រំភើបភ្ញាក់​ផ្អើលឡើយ ដោយពាក្យ​សម្តីទាំងអស់​ត្រូវធ្វើឡើង​ ក្នុងន័យឲ្យភាព​ត្រឹមត្រូវ​ពិតប្រាកដ មិនមែនដើម្បី​បង្កជម្លោះរវាង​ប្រជាជនមីយ៉ាន់ម៉ា​នោះទេ»

គួរជម្រាបថា ដោយសារតែ​ប្រតិបត្តិការបង្រ្កាប​តបត ពីសំណាក់រដ្ឋាភិបាល​មីយ៉ាន់ម៉ា ចំពោះសកម្មភាព​វាយប្រហារ​របស់ក្រុមសកម្ម​ប្រយុទ្ធ​អ៊ីស្លាម នៅក្នុង​រដ្ឋរ៉ាឃីន (Rakhine) ភាគខាងជើង​ប្រទេស កាលពីចុង​ខែសីហាមក ជនជាតិដើម​ភាគតិចមូស្លីម​នេះ ប្រមាណជាង ៦០០,០០០នាក់ បានរត់ភៀសខ្លួន​ចេញពី​មីយ៉ាន់ ទៅកាន់ប្រទេសបង់ក្លាដែស។ ​​ក្នុងអំឡុងពេល​ជាច្រើនខែកន្លង​មកនេះ គេ​បាន​សង្កេត​ឃើញថា លោកស្រី ស៊ូជី ពុំបានចាត់​វិធានការដែលមានប្រសិទ្ធភាពអ្វី ដើម្បីដោះស្រាយ​វិបត្តិនេះ​ឡើយ រហូតមាន​​មហា​​ជន​មួយចំនួន ចង់ឲ្យមាន​ការដកពានរង្វាន់ណូបែល​សន្តិភាព ពីរូបលោកស្រីវិញ​ទៀតផង។

ទោះបីជា​បែបនេះក្តី បើយើងសម្លឹងមើលឲ្យ​ស៊ីជម្រៅជាងនេះ គឺអំណាចនៅ​ប្រទេស​​មីយ៉ាន់ម៉ា​ត្រូវបានបែងចែក​ដដែល បើទោះបីជា​លោកស្រី ស៊ូជី កំពុងតែដឹកនាំ​ប្រទេសក៏ដោយ ប៉ុន្តែ​យោធានៅតែ​មានសិទ្ធិអំណាច ក្នុងការសម្រេច​ចិត្ត និងចេញប្រតិបត្តិការ​ដោះស្រាយ​បញ្ហា​​មួយចំនួន​ពាក់ព័ន្ធនឹងសន្តិសុខជាតិដដែល ខណៈដែលព័ត៌មាន​កន្លងមក បានចេញផ្សាយ​ឲ្យដឹងរួចទៅហើយថា យោធាមីយ៉ាន់ម៉ា​បានចោទក្រុម​ជនជាតិរ៉ូហ៊ីងយ៉ាមួយចំនួនថា ជាក្រុមភេរវករ​​ដែល​កំពុងបង្ក​អសន្តិសុខ៕