(វ៉ាស៊ីនតោន)៖ បន្ទាប់ពី​បញ្ចប់ទស្សកិច្ច​រយៈពេល ១២ថ្ងៃ នៅអាស៊ី ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាននិយាយជា​ថ្មីថា លោកនឹងមិន​ទទួលស្គាល់​កូរ៉េខាងជើង​ជារដ្ឋនុយ ក្លេអ៊ែរ​ឡើយ​ហើយថា លោកនឹងបន្ត​ដាក់សម្ពាធ​ជាអតិបរាមា រហូតដល់ទីក្រុងព្យុងយ៉ាង​ព្រមចោល​អាវុធ​នុយក្លេអ៊ែរ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

ថ្លែងនៅ​តាមកញ្ចក់​ទូរទស្សន៍​អាមេរិក លោក ដូណាល់ ត្រាំ បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានអំពាវនាវ​ដល់បណ្ដា​ប្រទេសនានា ក្នុងនោះមាន​ទាំងចិន និងរុស្ស៊ី រួបរួមគ្នាធ្វើ​ឱ្យកូរ៉េខាងជើង​ឯកោ និងផ្ដាច់រាល់​ទំនាក់ទំនង​ពាណិជ្ជកម្មរហូតដល់ទីក្រុងព្យុងយ៉ាង​ព្រមបញ្ឈប់សកម្មភាព​បង្ករឿង​ដ៏គ្រោះថ្នាក់... យើងត្រូវតែ​លុបបំបាត់​អាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង​ហើយ ខ្ញុំបញ្ជាក់​ឡើងវិញថា យើងនឹងមិនអនុញ្ញាត​ឱ្យមេដឹកនាំ​ផ្ដាច់ការ​ម្នាក់នេះ (លោក គីម​ ជុងអ៊ុន) យកពិភពលោក​ធ្វើជាចំណាប់ខ្មាំង​ ដោយសារ​អាវុធនុយក្លេអ៊ែរ​នោះទេ»

គួរបញ្ជាក់ថា ការថ្លែងបែប​នេះរបស់ លោក ដូណាល់ ត្រាំ ធ្វើឡើង​បន្ទាប់ពី​សារព័ត៌មានរដ្ឋ​កូរ៉េខាងជើង Rodong Sinmun បាន​អះអាងថា ខ្លួនគ្មានថ្ងៃបោះចោល​អាវុធ​នុយក្លេអ៊ែរ​ជា​ដាច់ខាត រីឯលោក ត្រាំ គួរតែត្រូវ​បានកាត់​ទោសប្រហារជីវិត​ដោយប្រជាជនកូរ៉េខាងជើង និងជាមនុស្សកំសាក​ដែលមិនហ៊ាន​បំពេញដំណើរ​ទស្សនកិច្ច​ ទៅកាន់​តំបន់ព្រំដែនគ្មាន​យោធារវាង​កូរ៉េទាំងពីរ៕