(តេហេរ៉ង់)៖ គ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ ដ៏កក្រើកមួយបានវាយប្រហារចំតំបន់ព្រំដែនរវាងអ៊ីរ៉ាក់ និងអ៊ីរ៉ង់ ដែលជាហេតុបានបង្កឲ្យមនុស្សស្លាប់មកទល់នឹងពេលនេះគឺកើនដល់ ៥៤០នាក់ហើយ ខណៈមនុស្សជាង ៨,០០០នាក់ទៀតរងរបួស ហើយនេះគឺគ្រោះរញ្ជួយដីសម្លាប់មនុស្សច្រើនជាងគេបំផុតក្នុងឆ្នាំ២០១៧នេះ បន្ទាប់ពីគ្រោះរញ្ជួយដីនៅម៉ិចស៊ីកូ ផ្ដាច់យកអាយុជីវិតមនុស្ស៣៦៩នាក់ កាលពីខែកញ្ញា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសអ៊ីរ៉ង់ ចំណុចរំញ័រនៃហេតុការណ៍រញ្ជួយផែនដីខាងលើ បានកើតឡើងកាលពីថ្ងៃអាទិត្យ នៅចម្ងាយប្រមាណ១០៣គីឡូម៉ែត្រ ភាគអាគ្នេយ៍ ទីក្រុង Sulaymaniyah នៃប្រទេសអ៊ីរ៉ាក់ និងជះឥទ្ធិពលយ៉ាងកក្រើកដល់ខេត្តចំនួន១៤ ឯណោះរបស់អ៊ីរ៉ង់ ដែលនៅជាប់ព្រំដែនជាមួយអ៊ីរ៉ាក់។ អាជ្ញាធរអ៊ីរ៉ង់បានបញ្ជាក់ឲ្យដឹងថា សម្រាប់មនុស្សស្លាប់ និងរបួសទាំងជាង ៨,០០០នាក់ខាងលើនេះ ភាគច្រើនបំផុត ស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់តែម្តង។ ដោយឡែកក្រៅពីមនុស្សបាត់បង់ជីវិត អគារនិងផ្ទះច្រើនជាង ១២,០០០ខ្នង ក៏បានទទួលរងការបំផ្លិចបំផ្លាញក៏ដូចជាដួលរលំផងដែរ រីឯប្រជាជន ៧០,០០០នាក់ កំពុងត្រូវការជំនួយ និងតង់ស្នាក់នៅបណ្ដោះអាសន្នជាបន្ទាន់។

រំលឹកប្រវត្តិបន្តិចកាលពីឆ្នាំ២០០៣ តំបន់ទីក្រុងបុរាណ Bam ដែលស្ថិតនៅក្បែរតំបន់រងគ្រោះពេលនេះ ធ្លាប់រងគ្រោះរញ្ជួយដីដ៏សាហាវ ផ្តាច់ជីវិតមនុស្សដល់ទៅ ២៦,០០០នាក់ នៅក្នុងប្រទេសអ៊ីរ៉ង់ និងកាលពីខែសីហា ឆ្នាំ២០១២ គ្រោះរញ្ជួយដីបានកើតមាននៅខេត្តភាគខាងកើតប្រទេស អាហ្សែបៃហ្សង់ ស្លាប់មនុស្សជាង ៣០០នាក់៕