(ប៉េកាំង)៖ យន្តហោះដឹកអ្នកដំណើរចិនដ៏ធំដំបូង ត្រូវបានផលិតនៅក្នុងស្រុក បានធ្វើ​ការហោះហើរសាកល្បងឆ្លងកាត់ទីក្រុងមួយ ទៅទីក្រុងមួយទៀតដោយជោគជ័យ ដែលនេះ​គឺជាក្តីរំពឹងខ្ពស់មួយ ក្នុងការបង្កើនមុខមាត់នៃពាណិជ្ជកម្ម លើវិស័យអាកាសចរណ៍របស់ចិន នៅលើឆាកអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន China Daily ដែលត្រូវបានដកស្រង់ នៅព្រឹកថ្ងៃសៅរ៍ ទី១១​ ខែវិច្ឆិកា ឆ្នាំ២០១៧។

យន្តហោះធុនធំដំបូងផលិតដោយចិន និងខ្នាតមធ្យមរបស់អន្តរជាតិនេះ ត្រូវបាន​ក្រុម​ជំនាញ​ធ្វើតេស្តសាកល្បង ធ្វើការហោះហើរ​ចេញពីអាកាសយានដ្ឋាន​អន្តរជាតិ Pudong នៃទីក្រុងសៀងហៃ កាលពីវេលាម៉ោង ១១៖៣៨នាទីព្រឹកថ្ងៃសុក្រ និងបាន​ទៅដល់មូលដ្ឋាន​នៃការធ្វើតេស្ត ស្ថិតនៅក្នុងតំបន់ Xi'an Yanliang ស្ថិតនៅក្នុងខេត្តហ្សានស៊ី នៅវេលាម៉ោង ២៖០០នាទីរសៀលថ្ងៃដដែល ហើយនេះជាការធ្វើតេស្តជោគជ័យ នៃការធ្វើ​ដំណើរឆ្ងាយ​បំផុតរបស់ C919 គឺ ១,៣០០គីឡូម៉ែត្រ ក្នុងរយៈកម្ពស់ ៧,៨គីឡូម៉ែត្រ។

យន្តហោះដឹក​អ្នកដំណើរ C919 ដែលជាស្នាដៃ​ផលិតឡើងដោយផ្ទាល់​របស់ក្រុមហ៊ុន​រដ្ឋឈ្មោះថា សហគ្រាស​ផលិត​យន្ត​ហោះ​​ពាណិជ្ជ​កម្ម​​នៃ​ប្រទេសចិន (COMAC)​ ​នៅទីបំផុត​បានធ្វើដំណើរ​ចាក​ចេញ​ឆ្ពោះ​ទៅ​កាន់​​ផ្ទៃអាកាស នៅ​​ឯ​អាកាស​​យាន​ដ្ឋាន​​អន្តរ​ជាតិ​ Shanghai Pudong នៅតំបន់ឆ្នេរ​ភាគខាងកើតចិន បន្ទាប់ពីបានឆ្លង​កាត់ការធ្វើ​តេស្ត​​គ្រប់​ទម្រង់​ព្រម​ទាំង​ត្រូវ​បាន​ទទួល​ស្គាល់ដោយស្ថាប័ន​​សុវត្ថិភាពផ្លូវអាកាស​អន្តរជាតិនោះ។

គួរបញ្ជាក់ថា ​C919 មានសមត្ថភាពផ្ទុកអ្នកដំណើរពី ១៥៦នាក់ ទៅ ១៦៨នាក់ ដែលចិនប្តេជ្ញាថា នឹងធ្វើការប្រកួតប្រជែង​ជាមួយ​យន្តហោះ Boeing 737 និង Airbus A320 ដែលកំពុងតែ​ពេញនិយមបំផុតលើលោក នា​ពេលបច្ចុប្បន្ន។ មួយ​​វិញ​ទៀតក្រុមហ៊ុន COMAC បានអះអាងថា ខ្លួនទទួលបានការ​កក់យន្តហោះ​ប្រភេទ C919 នេះចំនួន ៥៧០គ្រឿង​ហើយ​ពី​ក្រុម​ហ៊ុន​ចំនួន ២៣ ហើយសម្រាប់តម្លៃនោះ គឺមួយគ្រឿងខ្ទង់ ៥០លានដុល្លារអាមេរិក ថោក​ជាង​ប្រភេទ​ដូច​គ្នា​របស់​ក្រុម​​ហ៊ុន Boeing និង Airbus រហូតដល់ទៅ ៣០ភាគរយ។ សម្រាប់ក្រុមហ៊ុន​ដែលយក C919 មកបម្រើ​អតិថិជន​ដំបូងវិញនោះគឺ អាកាសចរណ៍​ភាគខាងកើតចិន China Easter Airlines៕