(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ចំនួនមនុស្ស​ស្លាប់ដោយសារ​ព្យុះទីហ្វុង «ដំរី» ដែលបានវាយលុក​យ៉ាងចាស់ដៃ នៅតាមបណ្តាញ​ឆ្នេរភាគកណ្តាល​ និង​​ភាគ​​ខាង​​ត្បូង​ប្រទេស​វៀតណាមនោះបានកើនដល់ ១០៦នាក់ហើយ គិតត្រឹមព្រឹកថ្ងៃសុក្រនេះស្របពេលដែលប្រជាអាស៊ាន​​មួយ​នេះ កំពុងរៀបចំ​ធ្វើជាម្ចាស់ផ្ទះ​សម្រាប់កិច្ចប្រជុំ​កំពូលមួយរវាងមេដឹកនាំ​ពិភពលោក៕

២៖ រដ្ឋាភិបាលជប៉ុន​​នឹងសាងសង់ស្ថានីយដារ៉ា នៅលើដែនសមុទ្រចំនួន ០៤ទីតាំង នៅលើកោះ​មួយចំនួន​ក្នុងសមុទ្រ ស៊ូលូ សេឡេបែស (Sulu Celebes) ដែលខណ្ឌចែកទឹកដី​ហ្វីលីពីន និងឥណ្ឌូណេស៊ី ក្នុងគោលបំណង​ជួយទីក្រុង​ម៉ានីល បង្រ្កាប​ការកើនឡើង នៃសកម្មភាព​​ចោរសមុទ្ររបស់​ក្រុមឧទ្ទាម​អ៊ីស្លាម៕

៣៖ កម្លាំងប៉ូលិសតួកគី​នាថ្ងៃព្រហស្បតិ៍នេះ បានបើក​ប្រតិបត្តិការ​ក្តៅគគុក ចាប់ឃាត់ខ្លួន​បាន​ជន​សង្ស័យ​ថា​ ជា​បណ្តាញ​​ក្រុម ISIS សរុប​ចំនួន​ ២០០នាក់ នៅក្នុងរដ្ឋធានី​អង់ការ៉ា​៕

៤៖ យានអវកាសមួយគ្រឿង​របស់ NASA ដែលកំពុងឃ្លាំមើល​ព្រះអាទិត្យ បានផ្តិតយកទិដ្ឋភាព​ដ៏កម្រមួយ កើតមានឡើង​នៅផ្ទៃ​របស់វា ដែលអ្នកវិទ្យាសាស្រ្ត​បានអះអាងថា វាជា «Encircling Filament»៕

៥៖ កូរ៉េខាងជើង​នឹងមានសមត្ថភាព​វាយប្រហារ ដោយគ្រាប់មីស៊ីល​ឆ្លងទ្វីប បាញ់ដល់ទឹកអាមេរិក​នៅរយៈពេលពីរ​ទៅបីឆ្នាំ​ខាងមុខនេះ ខណៈកម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង កាន់​តែមានរីកចំរើន​ទៅមុខ៕

៦៖ រដ្ឋាភិបាល​វេណេស៊ុយអេឡា និងគណបក្ស​ប្រឆាំង គ្រោង​នឹងដំណើរការ​ឡើងវិញ​នូវកិច្ចខិតខំប្រឹងប្រែង​ ស្វែងរកកិច្ចសន្ទនា ហើយដែល​នេះ គឺជាការប៉ុនប៉ង​ជាលើកបី នៃរដ្ឋបាល​លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ និងគូប្រជែង​របស់លោក ដើម្បី​បំបែក​ភាពជាប់គាំង​នយោបាយដ៏ជូចត់​បច្ចុប្បន្ន៕