(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន​​នឹងសាងសង់ស្ថានីយដារ៉ា នៅលើដែនសមុទ្រចំនួន ០៤ទីតាំង នៅលើកោះ​មួយចំនួន​ក្នុងសមុទ្រ ស៊ូលូ សេឡេបែស (Sulu Celebes) ដែលខណ្ឌចែកទឹកដី​ហ្វីលីពីន និងឥណ្ឌូណេស៊ី ក្នុងគោលបំណង​ជួយទីក្រុង​ម៉ានីល បង្រ្កាប​ការកើនឡើង នៃសកម្មភាព​​ចោរសមុទ្ររបស់​ក្រុមឧទ្ទាម​អ៊ីស្លាម។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃសុក្រ ទី​១០ ខែវិច្ឆិកា ឆ្នាំ២០១៧។

បើតាមប្រភព​ព័ត៌មាន​ខាងលើ កិច្ចព្រមព្រៀង​មួយដើម្បីផ្តល់ថវិកា​ សម្រាប់ការដ្ឋានសាងសង់​នៃមូលដ្ឋាន​ខាងលើ ក៏ដូចជាផ្តល់ការ​បណ្តុះបណ្តាល​ដល់កងឆ្មាំ​សមុទ្ររបស់​ហ្វីលីពីន ប្រហែលជា​នឹងត្រូវចុះហត្ថលេខា​នាសប្តាហ៍ក្រោយ ដោយ​នាយករដ្ឋមន្រ្តី​ជប៉ុន​ លោក ស៊ីនហ្សូ អាបេ ជាមួយនិង​ប្រធានាធិបតី​ហ្វីលីពីន លោក ដូណាល់ ត្រាំ នៅឯទីក្រុង​ម៉ានីល នៅពេលដែល​លោក អាបេ ធ្វើ​​ដំណើរទស្សនកិច្ច​ទៅកាន់ទីនោះ បន្ទាប់ពីចូលរួម​កិច្ចប្រជុំ​កំពូល APEC នៅវៀតណាម​ហើយ។

ការជួយសាងសង់​ស្ថានីយប្រព័ន្ធរ៉ាដា​នេះ គឺស្ថិតក្នុងផ្នែកនៃ​កញ្ចប់ជំនួយ​ដ៏ធំមួយ ដែល​រួមមាន​​ទាំងការផ្តល់គ្រឿង​បរិក្ខាសម្រាប់​ឧទ្ធម្ភាគចក្រ​ ឲ្យ​យោធាហ្វីលីពីន, ការផ្តល់ហិរញ្ញវត្ថុ​សម្រាប់គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ, និងការជួយស្តារ​ឡើងវិញ​ទីក្រុងម៉ារ៉ាវី (Marawi) ភាគ​ខាង​ត្បូង​ហ្វីលីពីន ដែលបានទទួលរង​ការបំផ្លិចបំផ្លាញ ដោយសារសមរភូមិនៃសង្គ្រាមអូស​បន្លាយ​ប្រមាណ ០៥ខែ រវាងកងទ័ព​រដ្ឋាភិបាល និង​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម។

គួរបញ្ជាក់ថា តាមរយៈការផ្តល់​ជំនួយដ៏សន្ធឹកសន្ធាប់​បែបនេះ ទីក្រុងតូក្យូ​កំពុងសំដៅ​រឹតចំណងមិត្តភាព​ផ្នែកសេដ្ឋកិច្ច ក៏ដូចជាសន្តិ​សុខ​ជាមួយទីក្រុង​ម៉ានីល ស្របពេល​ដែលជប៉ុន កំពុងព្យាយាម​រារាំងអានុភាព​របស់ចិន ដែលកើនឡើង​កាន់តែខ្លាំងឡើង​ពីមួយ​ថ្ងៃ​ទៅមួយថ្ងៃ។ ជប៉ុនមើល​ឃើញហ្វីលីពីន ដែលមានទីតាំង​ភូមិសាស្រ្ត​នៅភាគខាងកើត​សមុទ្រចិនខាងត្បូង ថាជាសម្ព័ន្ធមិត្តដ៏សំខាន់​មួយ ក្នុងការជួយទប់ស្កាត់​មិនឲ្យឥទ្ធិពល​របស់ទីក្រុងប៉េកាំង រីករាលដាលមកកាន់តំបន់​ភាគខាងលិច នៃមហាសមុទ្រប៉ាស៊ីហ្វិកបាន​៕