(វ៉ាស៊ីនតោន)៖ នាយកកម្មវិធី​កំណែទ្រង់ CLC លោក Brendan Fischer បានរិះគន់យ៉ាង​ខ្លាំង ចំពោះការធ្វើវិសោធនកម្ម​លើច្បាប់ពន្ធដារថ្មី របស់ក្រុមសភា​តំណាងរាស្ត្រ សាធារណៈរដ្ឋ ដែលនឹងធ្វើ​ឱ្យចុះទន់ខ្សោយ​ នៃច្បាប់ហាមឃាត់​អង្គការសប្បុរសធម៌ និងវិហារ​សាសនា ចូលរួមក្នុង​សកម្មភាព​នយោបាយ​ ព្រមទាំងជំរុញ​ឱ្យមានលុយ​ខ្មៅងងឹត ហូរចូលនៅក្នុងដំណើរ​ការការ​បោះឆ្នោត នៅ​សហរដ្ឋអាមេរិក។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១០ ខែវិចិ្ឆកា ឆ្នាំ២០១៧។

ថ្លែង​នៅលើ Twitter លោក Brendan Fischer បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ការធ្វើវិសោធនកម្ម​លើច្បាប់​ពន្ធដារថ្មី នឹងធ្វើឱ្យលុយខ្មៅងងឹត​គ្មានប្រភព​ច្បាស់លាស់ ហូរចូលក្នុង យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅសហរដ្ឋអាមេរិក ពីព្រោះ​មហាសេដ្ឋីជាម្ចាស់​ជំនួយមួយចំនួន អាចនឹងប្រើវា​ដើម្បីជះឥទ្ធិពល​លើការបោះឆ្នោត​ដោយលាក់កំបាំងឈ្មោះ និងដើម្បីទទួលបាន ការកាត់បន្ថយ​ផ្នែកពន្ធសប្បុរសធម៌ផងដែរ»។

គួរបញ្ជាក់ថា ច្បាប់ហាមឃាត់​សកម្មភាព​មនុស្សធម៌ ក្នុងនយោបាយ​ត្រូវបានអនុម័ត​កាលពីឆ្នាំ១៩៥៤ ដោយសភា​ក្រុមអ្នក​តំណាងរាស្ត្របក្សសាធារណៈរដ្ឋ និងចុះហត្ថលេខា​ដោយអតីត​រដ្ឋបាល​ប្រធានាធិប​តីអាមេរិក លោក Dwight Eisenhower៕