(ប៉េកាំង)៖ បន្ទាប់ពីបាន​ទទួលស្វាគមន៍​ ដំណើរទស្សនកិច្ច​ផ្លូវរដ្ឋ​របស់មេដឹកនាំ​អាមេរិក លោក ដូណាល់ ត្រាំ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានចាកចេញ​ពីរដ្ឋធានីប៉េកាំង​តំណាលគ្នា​នឹង លោក ត្រាំ ដែរនាព្រឹកថ្ងៃសុក្រនេះ ដើម្បីឆ្ពោះទៅ​ចូលរួមក្នុង​​​​កិច្ច​ប្រជុំ​រវាងមេដឹកនាំ​កំពូល ក្នុងវេទិកានៃកិច្ចសហប្រតិបត្តិ​ការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ដែលប្រព្រឹត្តទៅនៅឯប្រទេស​វៀតណាម។ នេះបើតាម​ការចេញផ្សាយ​​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។

ក្រោយពីចូលរួមកិច្ចប្រជុំ APEC នៅក្រុងដាណាង (Da Nang) របស់វៀតណាម លោក ស៊ី នឹងធ្វើការបំពេញ​ទស្សនកិច្ចផ្លូវរដ្ឋ​នៅ​វៀតណាមផ្ទាល់ ព្រមទាំងនៅប្រទេសឡាវ ហើយនេះគឺជាការ​ធ្វើដំណើរចេញ​ទៅក្រៅប្រទេស​ជាលើកទីមួយ របស់លោក ស៊ី គិតចាប់តាំងតែ​ពីសមាជជាតិលើកទី ២៩ នៃបក្សកុម្មុយនិស្តចិន កាលពី​ខែតុលាកន្លងទៅ។

គួរបញ្ជាក់ថា នាព្រឹកថ្ងៃសុក្រជា​មួយគ្នានេះ ក្រោយពីបានជួបពិភាក្សា​ជាមួយលោក ស៊ី ជិនពីង លោក ដូណាល់ ត្រាំ ក៏បានចាក​ចេញ​ពីក្រុងប៉េកាំង ដើម្បីឆ្ពោះទៅកាន់វៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូលនេះ​ផងដែរ នៅភាគកណ្តាលប្រទេសវៀតណាម ដែលទើបទទួលរង​គ្រោះដោយព្យុះទីហ្វុង​កំណាច សម្លាប់មនុស្ស​ដល់ទៅជាង ១០០នាក់៕