(ការ៉ាកាស)៖ រដ្ឋាភិបាល​វេណេស៊ុយអេឡា និងគណបក្ស​ប្រឆាំង គ្រោង​នឹងដំណើរការ​ឡើងវិញ​នូវកិច្ចខិតខំប្រឹងប្រែង​ ស្វែងរកកិច្ចសន្ទនា ហើយដែល​នេះ គឺជាការប៉ុនប៉ង​ជាលើកបី នៃរដ្ឋបាល​លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ និងគូប្រជែង​របស់លោក ដើម្បី​បំបែក​ភាពជាប់គាំង​នយោបាយដ៏ជូចត់​បច្ចុប្បន្ន។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ សារព័ត៌មាន Channel News Asia ​នៅព្រឹកថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។

ជុំវិញកិច្ចសន្ទនា​នេះដែរ មេដឹកនាំ​គណបក្សប្រឆាំង លោក Julio Borges បាន​និយាយថា បើទោះជា​លោក ម៉ាឌូរ៉ូ កាលពី​ពេលមុនៗ​បានប្រើប្រាស់​កិច្ចសន្ទនា ​សំដៅពន្យាពេល​ការធ្វើ កំណែទម្រង់ និងរៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​ក៏ដោយ ក៏កិច្ចសន្ទនាថ្មីមួយ​នៅតែចំាបាច់​ត្រូវធ្វើឡើង ដើម្បីឈាន​ទៅរកការរៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​ដោយសេរី និងយុត្តិធម៌។ លោក Julio Borges បានគូសបញ្ជាក់​បន្ថែម​ដូច្នេះថា «យើងបាន​បង្កើតទំនាក់ទំនង​ជាច្រើន​ នៅក្នុងតំបន់​អាមេរិកឡាទីន និងជាមួយ​បណ្ដាប្រទេស និងរដ្ឋាភិបាល​ជាមិត្ត ដូច្នេះយើង​អាចសម្រួលដល់​លក្ខខណ្ឌ ក្នុងការរៀបចំការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី»

គួររំលឹកថា កាលពី​ខែកញ្ញាកន្លងទៅ ក្រុមគណបក្សប្រឆាំង ​បានដើរចេញ​ពីកិច្ចចរចា​ជាមួយគ្នាគណបក្សកាន់អំណាច​របស់ លោក ម៉ាឌូរ៉ូ ដោយចោទថា ខាងរដ្ឋាភិបាល​មិនបានបំពេញ​​តាមសំណើ​សុំដោះលែង មេបក្សប្រឆាំង និងសកម្មជន​ការពារ​សិទ្ធិមនុស្ស៕