(ប៉េកាំង)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចប់​ដំណើរទស្សនកិច្ច​ផ្លូវរដ្ឋ ​នៅឯប្រទេសចិន​ហើយ ហើយនា​ព្រឹក​នេះ​​លោកបាន​ចាកចេញពី​ទីក្រុងប៉េកាំង ដើម្បីបន្តឆ្ពោះ​ទៅកាន់ប្រទេសវៀតណាមតទៀត ដើម្បីចូលរួម​កិច្ចប្រជុំ APEC នៅ​ទី​នោះ​ ជាមួយ​បណ្តា​មេដឹកនាំពិភពលោក​មួយចំនួនទៀត រួមទាំងចិន និងរុស្ស៊ី។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​ព្រឹក​ថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។

ក្នុងអំឡុងនៃ​ដំណើរទស្សន​កិច្ចរយៈពេល ០២ថ្ងៃ ០៣យប់ នៅក្នុងរដ្ឋធានី​ប៉េកាំង ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង បាន​ផ្តល់ការ​ទទួលស្វាគមន៍​យ៉ាងកក់ក្តៅ​ ចំពោះលោក​ប្រធានាធិបតី​អាមេរិក ហើយលោក ស៊ី និងលោក ត្រាំ បានធ្វើការជួប​ពិភាក្សាគ្នាលើ​ប្រធានបទ​សំខាន់ៗ​ជាច្រើន ដោយជាពិសេស​មេដឹកនាំ​ នៃមហាអំណាច​ទាំងពីរ​បាន​ឈាន​ដល់ការព្រមព្រៀង​​គ្នា​​ដ៏​សំខាន់ និង​គ្រប់​ជ្រុងជ្រោយ ស្តីពីការអភិវឌ្ឍ​​ទំនាក់ទំនង​​ចិន-អាមេរិក។ លើស​ពីនេះ ក្រុមហ៊ុនចិន និងក្រុមហ៊ុន​អាមេរិក ក៏បានចុះ​ហត្ថលេខាលើ​​កិច្ច​ព្រមព្រៀងពាណិជ្ជកម្ម​ផ្សេងៗ ដែលមាន​តម្លៃសរុបដល់​ទៅប្រមាណ ២៥០ពាន់លានដុល្លារ ជាកំណត់ត្រា​ថ្មី​ផងដែរ។

គួរបញ្ជាក់ថា នៅវៀតណាម លោក ដូណាល់ ត្រាំ នឹងចូលរួម​ក្នុងសន្និសីទ​ស្តីពីកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិក ហៅ​កាត់ថា APEC នៅក្នុងទីក្រុង​ដាណាង នៃភាគកណ្តាលប្រទេស​វៀតណាម ដែលនឹងប្រព្រឹត្តចាប់ពី​ថ្ងៃសុក្រនេះ ហើយនឹងជួប​ពិភាក្សាជា​មួយមេដឹកនាំ​វៀតណាម ​នៅថ្ងៃស្អែក៕