(ហាណូយ)៖ ចំនួនមនុស្ស​ស្លាប់ដោយសារ​ព្យុះទីហ្វុង «ដំរី» ដែលបានវាយលុក​យ៉ាងចាស់ដៃ នៅតាមបណ្តាញ​ឆ្នេរភាគកណ្តាល​ និង​​ភាគ​​ខាង​​ត្បូង​ប្រទេស​វៀតណាមនោះ បានកើនដល់១០៦នាក់ហើយ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ស្របពេលដែលប្រជាអាស៊ាន​​មួយ​នេះ កំពុងរៀបចំ​ធ្វើជាម្ចាស់ផ្ទះ​សម្រាប់កិច្ចប្រជុំ​កំពូលមួយ រវាងមេដឹកនាំ​ពិភពលោក។ នេះបើតាម​ការចេញ​ផ្សាយ​ដោយសារ​ព័ត៌មាន Channel News Asia នៅ​ព្រឹក​ថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

យោងតាមរដ្ឋាភិបាលវៀតណាម គិតចាប់តាំងតែពីព្យុះកំណាចខាងលើ បានធ្វើដំណើរមកដល់ប្រទេសអាស៊ានមួយនេះ កាលពី​ថ្ងៃសៅរ៍ចុងសប្តាហ៍មុនមក មនុស្សសរុបកើនដល់១០៦នាក់ បានបាត់បង់ជីវិត នៅក្នុងគ្រោះទឹកជំនន់ និងរអិលបាក់ដី​ ព្រមទាំងក្នុង​ហេតុការណ៍លិចទូក នៅឯនាយសមុទ្រ ខណៈមនុស្សប្រមាណ២៥ផ្សេងទៀត នៅតែបន្តបាត់ខ្លួនដដែល និង១៩៧នាក់រង​របួស។ ក្រៅពីនេះ លំនៅឋាន​​ជាង​២,០០០ខ្នងត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង និងច្រើនជាង១២០,០០០ខ្នងទៀត រងការខូចខាត ហើយ​សត្វចិញ្ចឹមជិត ៤៣,៣០០ក្បាលបានងាប់។

ទន្ទឹមនឹងនេះ វៀតណាមកំពុងតែរៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ សម្រាប់​សន្និសីទ​ស្តី​ពី​​កិច្ចសហប្រតិបត្តិការ​ផ្នែកសេដ្ឋកិច្ច​ នៃតំបន់អាស៊ីប៉ាស៊ី​ហ្វិក​​ហៅកាត់ថា APEC នៅឯទីក្រុង​ដាណាង នាចុងសប្តាហ៍នេះ ពោលគឺចាប់ផ្តើមពីថ្ងៃសុក្រនេះតែម្តង។ កិច្ចប្រជុំ​កំពូលនេះ នឹងមាន​ការ​ចូលរួមពី​សំណាក់ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ, ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង, និង​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ជាដើម។

គួរបញ្ជាក់ថា ព្យុះទីហ្វុងដំរី គឺជាព្យុះដ៏កំណាច​ចុងក្រោយ​គេបង្អស់ ដែលបានបោកបក់​មកលើបណ្តោយ​ឆ្នេរប្រទេស​វៀតណាម ក្នុង​​ឆ្នាំ​២០១៧នេះ ខណៈមនុស្ស​យ៉ាងតិច ២៤០នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ ឬក៏បាត់ខ្លួន នៅក្នុងគ្រោះ​ទឹកជំនន់ និង​​រអិល​​បាក់ដី ចាប់តាំងពីដើម​ឆ្នាំនេះ៕