(ប៉េកាំង)៖ គ្រាន់តែប្រធានាធិបតី​ លោក ដូណាល់ ត្រាំ ជាន់ដីទីក្រុង​ប៉េកាំង​ប្រទេសចិនភ្លាម ក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុនចិន បាន​ចុះ​ហត្ថ​លេ​ខា​ភ្លែតតែម្តង ទៅលើកិច្ចព្រមព្រៀង​ផ្សេងៗ មានតម្លៃសរុបជា​ទឹកប្រាក់ប្រមាណ ០៩ពាន់លានដុល្លារ នាឱកាស​ចាប់ផ្តើម​នៃដំណើរ​ទស្សន​កិច្ច​របស់មេដឹកនាំ​អាមេរិករូបនេះ មកកាន់មហាយក្សធំ​បំផុតប្រចាំទ្វីបអាស៊ី។ នេះបើ​តាម​ការចេញ​ផ្សាយ​ដោយ​​ សារ​ព័ត៌​មាន​ចិន CGTN នៅល្ងាច​ថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

ជាមួយគ្នានេះ បន្ទាប់ពីការមក​ដល់របស់ប្រធានាធិបតី​អាមេរិក ប្រធានាធិបតីចិន លោក ស៊ីន ជិនពីង និងភរិយា​លោកស្រី ភេង លីយ័ន (Peng Liyuan) បានធ្វើការ​ទទួលស្វាគមន៍ លោក ដូណាល់ ត្រាំ រួម​និងភរិយា​លោកស្រី មេឡានា ត្រាំ (Melania Trump) នៅឯព្រះ​រាជវាំងសម័យបុរាណ Forbbiden City របស់ចិន​នៅឯរដ្ឋធានី​ប៉េកាំង មុនឈានដល់​កិច្ចពិភាក្សា​ផ្លូវការ ស្តី​ពី​ប្រធាន​បទ​​សំខាន់ៗ​​​ជាច្រើន។

ឱកាសនោះថ្នាក់ដឹកនាំ​ នៃប្រទេសមហា​អំណាច​ទាំងពីរ បានចូលរួម​ពិសាតែ​ពេលរសៀល​ជាមួយគ្នា ហើយ​​និង​បាន​ដើរ​ទស្សនា​​នៅ​តាម​​សាល​​សំខាន់ៗ​ចំនួន ០៣កន្លែង នៃអតីតវាំង​ដ៏ចំណាស់នេះ។ នេះគឺជាជំនួបលើកទី ៣ ហើយ​រវាង លោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង ក្រោយពីមេដឹកនាំទាំង ២ បានជួបគ្នាពីរ​លើករួចមកហើយ នៅឯ​រមណីយដ្ឋាន Mar-a-Lago ក្នុងរដ្ឋ​ផ្លូរីដា សហរដ្ឋអាមេរិក និងនៅកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់​នាឆ្នាំនេះ ប៉ុន្តែជាលើកទី ១ ដែលលោក ត្រាំ មកដល់ប្រទេសចិន។

គួរបញ្ជាក់ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានមកដល់​ទីក្រុងប៉េកាំង កាលពីប៉ុន្មាន​ម៉ោងមុននេះ ដើម្បីចាប់ផ្តើម​​ដំណើរទស្សនកិច្ច​ផ្លូវរដ្ឋ​របស់លោក ដែលមានរយៈ​ពេល ០៣ថ្ងៃ ០២យប់ នៅក្នុង​ប្រទេសចិន បន្ទាប់ពីរូបលោកទើប​តែបានបញ្ចប់​ទស្សន​កិច្ចនៅជប៉ុន និងកូរ៉េខាងត្បូងហើយថ្មីៗ៕