(ប៉េកាំង)៖ ទីបំផុត​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញ​ធ្វើដំណើរមកដល់​ទីក្រុងប៉េកាំង នៃប្រទេសចិន​ហើយ​នារសៀល​ថ្ងៃពុធនេះ ដែលវា​គឺជាទីសំចត​ទី ៣ ក្នុងឱកាស​ដំណើរបំពេញ​ទស្សនកិច្ច​ជាលើកដំបូង របស់មេដឹកនាំ​អាមេរិក​រូបនេះ​​​មក​​កាន់​​​តំបន់​​អាស៊ី បន្ទាប់​ពី​លោក​បាន​ស្កាត់​​ចូល​ជប៉ុន​ព្រមទាំង​កូរ៉េខាងត្បូង គិតចាប់តាំងពី​សប្តាហ៍មុនមក។ នេះបើ​តាមការចេញ​ផ្សាយដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

ទស្សនកិច្ចនៅចិននេះ នឹងក្លាយជារឿង​ដ៏គួរឲ្យចាប់អារម្មណ៍​ជាងគេ ជុំវិញទំនាក់ទំនង​រវាងទីក្រុង​ប៉េកាំង និងវ៉ាស៊ីនតោន ហើយកូរ៉េខាងជើង​នឹងក្លាយជាប្រធានបទ​ក្តៅនៅលើតុ។

ដំណើរមកដល់​របស់លោក ដូណាល់ ត្រាំ នេះ ត្រូវបានធ្វើឡើង​ក្រោយ​ពីរូបលោក បានបញ្ចប់​ដំណើរទស្សន​កិច្ច​រយៈពេល​ ០២ថ្ងៃ នៅឯប្រទេស​កូរ៉េខាងត្បូង ជាមួយការលុបចោល​ការទស្សនកិច្ច​ ទៅកាន់តំបន់ព្រំដែន​គ្មានយោធា (DMZ) រវាងប្រទេស​កូរ៉េ​ទាំងពីរ ព្រមទាំងការថ្លែងសារ​ព្រមានយ៉ាងធ្ងន់​​ សំដៅទៅកាន់​កូរ៉េខាងជើង បន្ទាប់ពី​រូបលោក បានបន្តដំណើរ​មកពី​ប្រទេស​ជប៉ុន ដែលជាគោលដៅ​ទីមួយ នៃដំណើរបំពេញ​ទស្សនកិច្ច មេដឹកនាំអាមេរិករូបនេះនៅអាស៊ី​។

គួរបញ្ជាក់ថា ក្រៅពីនេះមេដឹកនាំ​អាមេរិក លោក ដូណាល់ ត្រាំ នឹងបន្តឆ្ពោះ​ទៅកាន់​ទីក្រុងដាណាង (Danang) ប្រទេស​វៀតណាម​នាថ្ងៃទី១០ ខែ​វិច្ឆិកានេះ ដើម្បីចូលរួមក្នុង​កិច្ចប្រជុំថ្នាក់​មេដឹកនាំ​ពិភពលោក APEC ព្រមទាំង​ទីក្រុងហាណូយ ដើម្បីជួបជាមួយ​មេដឹកនាំ​វៀត​ណាម។ ជាចុងក្រោយ លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរ​ទៅកាន់​រដ្ឋធានី​ម៉ានីល របស់ហ្វីលីពីន ដើម្បីចូលកិច្ចប្រជុំ​សំខាន់ៗ​មួយ​ចំនួនទៀត​របស់​អាស៊ាន រួមទាំងជួប​ជាមួយប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ៕