​(វ៉ាស៊ីនតោន)៖ ក្រោយមាន​ករណីបាញ់ប្រហារ​សម្លាប់មនុស្ស​ជាបន្តបន្ទាប់ ប្រជាជនអាមេរិក​មួយចំនួនកំពុងនាំគ្នាគិតថា តើការប្រើប្រាស់​កាំភ្លើងសម្លាប់​មនុស្ស គឺជារឿងធម្មតា ឬក៏ យ៉ាងណា ខណៈការជជែក​ដេញដោលពី​ច្បាប់គ្រប់គ្រង​អាវុធ ហាក់ដូចជាកក្រើកឡើងវិញ ក្រោយខ្មាន់កាំភ្លើងម្នាក់​ បាញ់សម្លាប់មនុស្ស ២៦នាក់ ក្នុងរដ្ឋតិចសាស់ កាលពីចុងសប្ដាហ៍ កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

ទាក់ទិននឹងបញ្ហានេះដែរ ថ្លែងនៅប្រាប់ស៊ីនហួរ អ្នកជំនាញម្នាក់មកពីវិទ្យាស្ថាន Brookings Institution លោក Fellow Darrell West បានលើកឡើងដូច្នេះថា៖ «ការបាញ់ប្រហារ សម្លាប់មនុស្សទ្រង់ទ្រាយធំនៅសហរដ្ឋអាមេរិក បានក្លាយជាទម្លាប់ថ្មីទៅហើយ ត្បិតវាកើតឡើងស្ទើជាប្រចំា និងទំនងជាអាចបន្តកើតឡើង ខណៈការទិញ​កាំភ្លើង​ គឺជារឿងងាយស្រួល​បំផុត សូម្បីតែមនុស្សឆេវឆាវ ក៏អាចទទួល ឬប្រើប្រាស់​កាំភ្លើង​បានដែរ»

គួរបញ្ជាក់ថា បើតាម ទីភ្នាក់ងារស្រាវជ្រាវមួយរបស់សភាអាមេរិក (Congressional Research service) កាំភ្លើង​​ប្រមាណជាង ៣០០លានដើម នៅក្នុងសហរដ្ឋអាមេរិក ត្រូវបានកាន់កាប់​ដោយបុគ្គល​មិនមែនជាយោធា ឬស្មើនឹង ២៥ ទៅ ៥០ភាគរយ នៃប្រជាជនស៊ីវិលកាន់កាប់​កាំភ្លើង​នៅលើ​ពិភពលោក។ នេះ​បើតាម Small Arms Survey៕