(សេអ៊ូល)៖ ប្រធានាធិបតិ​អាមេរិក លោក ដូណាល់​ ត្រាំ បានព្រមាន​កូរ៉េខាងជើង​វិញថា កុំមើលស្រាល និងសាកល្បង​សហរដ្ឋអាមេរិកឲ្យសោះ ខណៈលោកបានសន្យាថា ទីក្រុង​វ៉ាស៊ីនតោន នឹង មិនរារែក​ឡើយក្នុងការប្រើប្រាស់​កម្លាំងយោធា​ការពារខ្លួន និង​សម្ព័ន្ធមិត្ត ពីការគំរាមកំហែង​ណាមួយពី​សំណាក់​ទីក្រុង​ព្យុងយ៉ាង។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

ថ្លែងទៅកាន់​ក្រុមអ្នកតំណាង​រាស្ត្រ​កូរ៉េខាងត្បូង ក្នុងទីក្រុង​សេអ៊ូល​នៅថ្ងៃពុធនេះ លោក ​ត្រាំ បានគូស​បញ្ជាក់​ដូច្នេះថា «យើងនឹងមិន​បណ្ដោយឱ្យ​ទីក្រុងអាមេរិកនានា ត្រូវបំផ្លាញ និង គំរាមកំហែង​ជាដាច់​ខាត ហើយយើងក៏នឹងមិនអនុញ្ញាត​ឱ្យអំពើសាហាវឃោឃៅ​ នៅក្នុងប្រវត្តិសាស្ត្រ​កើតឡើង​នៅទីនេះ​ (ឧបទ្វីបកូរ៉) ម្ដងទៀតដែរ... ម្យ៉ាងវិញទៀត​អាវុធដែលអ្នក (កូរ៉េខាងជើង) កំពុង​ផលិត ឬមាននៅដៃមិន​អាចធ្វើ​ឱ្យអ្នកមានសុវត្ថិភាព​នោះទេ តែមានតែធ្វើ​ឱ្យរបបដឹកនាំ​របស់អ្នក​ ធ្លាក់ក្នុងរណ្ដៅ​គ្រោះថ្នាក់តែ​ប៉ុណ្ណោះ»

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ​នេះដែរ ត្រូវបង្ខំចិត្តលុបចោល​ដំណើរទស្សនកិច្ច​ ដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់​តំបន់ព្រំដែនគ្មាន​កងទ័ព (DMZ) រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ដោយសារតែ​អាកាសធាតុ​មិនអំណោយផល រីឯទីក្រុងព្យុងយ៉ាងបានថ្កោលទោស ចំពោះ​ដំណើរទស្សនកិច្ច​របស់ លោក ដូណាល់ ត្រាំ មកកាន់កូរ៉េខាងត្បូង​ដោយចាត់​ទុកថា វាគឺ​ជាសកម្មភាព​បង្កភាពតានតឹង​នៅលើ​ឧបទ្វីបកូរ៉េ និងបញ្ឆេះហានិភ័យ​នៃសង្រ្គាម​នុយក្លេអ៊ែរ៕