(សេអ៊ូល)៖ បន្ទាប់ពីស្ងប់ស្ងាត់​ជាច្រើន​សប្ដាហ៍ នៅទីបំផុត​កូរ៉េខាងជើង​នៅថ្ងៃពុធនេះ បានចេញមុខ​ថ្កោលទោស​យ៉ាងខ្លាំង ចំពោះដំណើរ​ទស្សនកិច្ច​របស់ លោក ដូណាល់ ត្រាំ មកកាន់កូរ៉េខាងត្បូង​ដោយចាត់​ទុកថា វាគឺជា​សកម្មភាព​បង្កភាពតាន​តឹង​នៅលើ​ឧបទ្វីបកូរ៉េ និងបញ្ឆេះ​ហានិភ័យ​នៃសង្រ្គាម​នុយក្លេអ៊ែរ។ នេះបើតាមកាសែតរដ្ឋ​កូរ៉េខាងជើង​ដកស្រង់​ដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

កាសែតរដ្ឋ​កូរ៉េខាងជើង Rodong Sinmun នៅក្នុងបទ​អត្ថាធិប្បាយ​របស់ខ្លួន បានលើក​ឡើងយ៉ាងដូច្នេះថា «លោក ត្រាំ ហោះមកកាន់កូរ៉េខាងត្បូង ដើម្បីបង្កើន​ការគំរាមកំហែង​យោធា​ប្រឆាំង នឹងពួកយើង​ ហើយមានបំណងបញ្ឆេះ​សង្រ្គាម​នុយក្លេអ៊ែរ... ក៏ប៉ុន្តែបញ្ហា​ធំគឺស្ថិតនៅលើ​កូរ៉េខាងត្បូង ដែលកំពុងតាម​ហែរហម​ពីក្រោយ​សហរដ្ឋអាមេរិក ក្នុង​គោលបំណង​បង្កសង្រ្គាម​នុយក្លេអ៊ែរនៅក្នុងតំបន់»

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានមកដល់​កូរ៉េខាងត្បូង​កាលពី​ថ្ងៃអង្គារ ដើម្បីបំពេញ​ដំណើរទស្សនកិច្ច​ផ្លូវរដ្ឋរយៈពេល ០២ថ្ងៃ ក្រោមក្របខណ្ឌ​នៃដំណើរ​ទស្សនកិច្ច​មកកាន់ ប្រទេសក្នុង​តំបន់អាស៊ី​ចំនួន ០៥៕