(វ៉ាស៊ីនតោន)៖ ស្រ្តីម្នាក់​ដែល​បានលើកម្រាមដៃ​កណ្ដាល​ ដាក់ក្បួន​រថយន្ដរបស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ​ ត្រូវគេ​រាយការណ៍​ថា ត្រូវបានចៅហ្វាយនាយបណ្ដេញចេញ​ពីការងារ បន្ទាប់ពីរូបនាង​បង្ហោះរូបថត​ដ៏អសីលធម៌នេះ នៅលើបណ្ដាញ​ទំនាក់ទំន​ង​សង្គមមួយ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

យោងតាមប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក ស្ត្រីខាងលើ​មានឈ្មោះ Juli Briskman ត្រូវបាន​ក្រុមហ៊ុន Akima LLC បណ្ដេញចេញ​ពីការងារ ក្រោយរូបនាង​បង្ហោះរូបថតលើ​កម្រាមដៃ កណ្ដាល (ជាសញ្ញាដែលគេនិយមហៅថា សញ្ញាឲ្យលិង្គ) ​ដាក់ក្បួនរថយន្ត ​លោក ត្រាំ នៅលើ​គណនី Twitter និង Facebook របស់ខ្លួន។ រូបថតមួយ​សន្លឹកនេះដែល​ធ្វើឱ្យនាង Juli Briskman បាត់បង់ការងារ​ ត្រូវបានថតកាលពី​ថ្ងៃ ទី២៨ ខែតុលា ក្នុងរដ្ឋ Virginia។

ស្ត្រីរូបនេះដដែល​បានប្រាប់​សារព័ត៌មាន ​Huffington Post ថា នាយកប្រតិបត្តិ​របស់នាងបាន​ប្រាប់រូបនាងថា ខាងក្រុមហ៊ុន​បានចាត់ទុក​រូបថតនោះ គឺជារូប​អាសអាភាស និងរំលោភ​លើគោលការណ៍​បណ្ដាញទំនាក់ទំនង​សង្គម​ របស់ក្រុមហ៊ុន។ ប៉ុន្តែយ៉ាង​ណាក៏​ដោយ នាង Juli Briskman បានអះអាង​ថា រូបថតដែលរូបនាង​បានបង្ហោះ គឺនៅក្រៅម៉ោង​ធ្វើការ​តែប៉ុណ្ណោះ ហើយក៏បាន​បញ្ជាក់ពីឈ្មោះ​ប្រធានក្រុមហ៊ុន​របស់នាង នៅលើបណ្ដាញ​ទំនាក់ទំនង​សង្គម​ថែមទៀតផង៕