(ឡាហាវ៉ាន់)៖ គុយបា​ទទួលបានភ្ញៀវទេសចរអន្តរជាតិ ០៤លាននាក់ គិតត្រឹមដើមខែ​វិច្ឆិកា ក្នុងឆ្នាំ​២០១៧នេះ បើធៀបទៅ​នឹង​ពេលដំណាច់​ឆ្នាំ២០១៦ ដែលសម្រេច​បានក្នុង​ចំនួនដូចគ្នានេះ ហើយសម្រាប់ដំណាច់ឆ្នាំ២០១៧នេះតែម្តង ប្រទេសដីកោះ​ទើបរួចផុត​ពីទណ្ឌកម្មអាមេរិកមួយនេះ រំពឹងនឹងសម្រេចបាន ៤.៧លាននាក់។ នេះបើតាម​ក្រសួងទេសចរណ៍​គុយបា ដកស្រង់ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

យោងតាមក្រសួង​ទេសចរណ៍​គុយបា ការសម្រេចបាន​លទ្ធផលខ្ពស់​បែបនេះ នៅដើមរដូវកាលទេសចរណ៍​ក្នុងខែវិច្ឆិកានេះ​បង្ហាញថា ភ្ញៀបទេសចរនៅតែបន្តជ្រើសរើស​គុយបា ជាគោលដៅ​ទេសចរណ៍​របស់ពួកគេ។ ក្រសួងទេសចរណ៍​គុយបា បានសង្កត់ធ្ងន់​ទៀតថា កាលពី​ថ្ងៃទី០១ ខែវិច្ឆិកា គុយបា បានបើករដូវកាល​ទេសចរណ៍ ក្នុងនោះមាន​គោលដៅ​ទេសចរណ៍​សំខាន់ៗ​ដូចជា ភាគខាងជើង​នៃតំបន់ Santa Maria តំបន់ Guillermo និងតំបន់ Coco ជាដើម។ ក៏ប៉ុន្តែ បើតាម​ការគ្រោងទុក ទីក្រុង​ឡាហាវ៉ាន មានគោលដៅ​ទាក់ ទាញភ្ញៀវ​ទេសចរណ៍ ៤.៧លាននាក់ពីបរទេស ក្នុងឆ្នាំ២០១៧ និង ០៥លាននាក់ នៅឆ្នាំ២០១៨។

គួរបញ្ជាក់ថា វិស័យទេសចរណ៍របស់គុយបា​ គឺជាប្រភពប្រាក់ចំណូល​ដ៏សំខាន់ទី ២ ពីបរទេស ហើយកាលពី​ឆ្នាំ២០១៦ គុយបា ក៏ធ្លាប់ទទួលបាន​ភ្ញៀវទេសចរ ០៤លាននាក់ ខណៈភ្ញៀវទេសចរកាណាដា គឺមកទស្សនាគុយបាច្រើន​ជាងគេ ឬស្មើនឹង ៣៤ភាគរយ នៃភៀវទេសចរអន្តរជាតិសរុប៕