(ហាណូយ)៖ ព្យុះទីហ្វុងដ៏​កំណាចមួយ​មាន​ឈ្មោះថា ដំរី​បានវាយប្រហារ​ភាគកណ្តាល​ប្រទេស​វៀតណាម និងផ្តាច់យកជីវិត​មនុស្ស​មកទល់នឹង​ពេលនេះ កើនឡើងដល់ ៦១នាក់ ហើយ ខណៈមនុស្ស ២៨នាក់ទៀត ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

អាជ្ញាធរ​វៀតណាម​បានឲ្យដឹង​ទៀតថា ក្រៅពីមនុស្ស​ស្លាប់ និងបាត់ខ្លួនជា​ច្រើននាក់ នៅក្នុងខេត្ត​ភាគកណ្តាលទាំងបួន​ខាងលើនេះ នាវាដឹក​ទំនិញតូច-ធំ និងទូកនេសាទ​ប្រមាណ ២៣០គ្រឿង ក៏ត្រូវបានព្យុះដំរី​មួយនេះ បោកពន្លិចទៅ​ក្នុងសមុទ្រដោយ​រលកធំៗ និងខ្យល់បោកបក់​ខ្លាំងក្លា​ផងដែរ។ ចំណែកឯ ខេត្ត Khanh Hoa គឺជាខេត្តរង​គ្រោះធ្ងន់ធ្ងរ និងមាន​មនុស្សស្លាប់​ច្រើនជាងគេ។ មិនតែប៉ុណ្ណោះព្យុះ​កំណាចមួយនេះ​ ក៏បានបំផ្លាញ​ផល​ដំណាំ ៣០,០០០ហិកតា ផ្ទះ ២,០០០ខ្នង​បានដួលរលំទាំងស្រុង, ៨០,០០០ខ្នង ទៀតរបើក​ដំបូល ឬរងការបំផ្លាញ ហើយ​ប្រជាជន ៣៣,០០០នាក់ ត្រូវបាន​ជម្លៀស។

គួរបញ្ជាក់ថា ព្យុះខាងលើនេះ បានកើតមានឡើង​យ៉ាងទាន់ហន់ នៅអំឡុងពេល​ប្រទេសវៀតណាម​ធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុង Da Nang ភាគកណ្តាល​ប្រទេស ចាប់ពីថ្ងៃទី០៦ ដល់ទី១១ ខែវិច្ឆិកា សប្តាហ៍នេះ ហើយក៏មុន​ដំណើរមកដល់​របស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិកផងដែរ។ សម្រាប់តំបន់​ដែលកំពុងទទួលរងគ្រោះ​ធ្ងន់ជាងគេនោះ គឺស្ថិតនៅភាគ​កណ្តាលប្រទេស៕