(តូក្យូ)៖ ជប៉ុនបានប្រកាសថា នឹងដាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើរបបដឹកនាំកូរ៉េខាងជើង ជាការឆ្លើយតប​ចំពោះការគំរាមកំហែង​ឥតឈប់ឈរ ដែលបង្កឡើង​​ដោយ​កម្មវិធី​មីស៊ីល និងនុយក្លេអ៊ែរ​របស់ទីក្រុង​ព្យុងយ៉ាង ខណៈ​លោក ដូណាល់ ត្រាំ ទើបតែបាន​បញ្ចប់ដំណើរ​ទស្សនកិច្ច​របស់​លោក នៅក្នុងប្រទេសនេះ ហើយទៅកូរ៉េខាងត្បូងមុននេះបន្តិចប៉ុណ្ណោះ។ នេះ​បើ​តាម​​ការ​ចេញ​ផ្សាយ​​ដោយ​សារ​ព័ត៌​មាន Channel News Asia ដកស្រង់ពី Reuters នៅព្រឹក​ថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

បើតាម​លោក យូស្ស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) អ្នកនាំពាក្យ​ជាន់ខ្ពស់​រដ្ឋាភិបាលជប៉ុន ទណ្ឌកម្ម​ខាងលើ ដែលត្រូវបានលើក​​​ឡើង​​ដោយ​​នាយករដ្ឋ​មន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ នៅក្នុងសន្និសីទ​សារព័ត៌មាន​រួមគ្នាមួយ ជាមួយប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ជប៉ុននឹងធ្វើការបង្កក​​រាល់ទ្រព្យសម្បត្តិ​របស់អង្គភាពចំនួន ០៩ ព្រមទាំង​បុគ្គល ២៦រូប។ អង្គភាពទាំងនេះ​រួម​មាន ធនាគារ​កូរ៉េខាងជើង ដោយមួយចំនួន​ស្ថិតនៅឯប្រទេសចិន ខណៈបុគ្គលទាំង ២៦រូប ស្ថិតនៅតាម​ប្រជាជាតិ​ខុសៗគ្នា រួមមាន​ចិន រុស្ស៊ី និងលីប៊ី​ជាដើម។

លោក Suga បានលើក​ឡើងថា ចំណាត់កា​រនេះ​ត្រូវបាន​ធ្វើឡើង ក្នុងឱកាស​ដំណើរបំពេញ​ទស្សនកិច្ច​របស់ ប្រធានាធិបតី​អាមេ​រិក លោក ដូណាល់ ត្រាំ ដើម្បីបង្ហាញពី​ការប្តេជ្ញាចិត្ត​ដ៏មុតមាំ​រវាងប្រទេស​ទាំង២ ក្នុងការឈរ​ប្រកៀក​ស្មាគ្នា និងដើម្បីបង្កើន​​សម្ពាធលើ​ទីក្រុង​ព្យុងយ៉ាង។

គួរជម្រាបផងដែរថា ស្របពេល​ដែលលោក ដូណាល់ ត្រាំ កំពុងស្ថិត​នៅប្រទេសជប៉ុន នាម្សិលមិញ មុននឹងបន្តចាកចេញ​ទៅបំពេញ​ទស្សនកិច្ច​បន្តនៅកូរ៉េខាងត្បូង រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល ក៏បានប្រកាស​អំពីការដាក់​ទណ្ឌកម្មជាឯតោភាគី ទៅលើជនជាតិ​កូរ៉េខាងជើង​ចំនួន ១៨នាក់ ផងដែរ ដោយហាមឃាត់​ពួកគេ​ក្នុងការ​ធ្វើកិច្ច​សហប្រតិបត្តិការ​ផ្នែក​ហិរញ្ញវត្ថុ ជាមួយប្រជាជន​​កូរ៉េខាងត្បូង៕