(តិចសាស់)៖ ប្រធានមន្ត្រីប៉ូលិសម្នាក់ បាននិយាយថា អតីតសាច់ថ្លៃជនសង្ស័យ ដែលបានបាញ់សម្លាប់មនុស្សយ៉ាងរង្គាល២៦នាក់ និងរបួស២០នាក់ នៅឯវិហារសាសនាគ្រឹស្ដមួយ កន្លែងក្នុងរដ្ឋតិចសាស់ ធ្លាប់បានចូលរួមពិធីសាសនាក្នុងវិហារនេះម្ដងម្កាល។ ព្រមពេលជាមួយគ្នា ប្រធានប៉ូលិសរូបនេះ ក៏បានបញ្ជាក់ដែរថាក្នុងចំណោមជនរងគ្រោះទាំង២៦នាក់ ក៏មានកុមារចន្លោះពី១២ ទៅ១៤នាក់ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Daily Mail នៅថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

យោងតាមអាជ្ញាធរអាមេរិក ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងនៅវិហារគ្រឹស្ដ First Baptist ស្ថិតនៅក្នុងទីក្រុង Sutherland Springs នៃតំបន់ Wilson ក្នុងរដ្ឋតិចសាស់ នៅពេលបុរសជាខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់រះទៅលើហ្វូងមនុស្សនៅម៉ោងប្រមាណជា១១៖៣០នាទីព្រឹក កាលពីថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់)។ ចំណែកឯ សារព័ត៌មាននៅ ក្នុងស្រុកបានរាយការណ៍ដែរថា បុរសជាខ្មាន់កាំភ្លើងមានអាយុ ២៦ឆ្នាំ មានឈ្មោះថា Devin P Kelley និងត្រូវបានបាញ់សម្លាប់នៅអំឡុងពេលប៉ះទង្គិចគ្នា ជាមួយប៉ូលិស។ ដោយឡែក​ ថ្លែងប្រាប់ CNN ប្រធានប៉ូលិសប្រចាំតំបន់ Wilson លោក Sheriff Joe D. Tackitt Jr បានឱ្យដឹងថា អតីតសាច់ថ្លៃជនសង្ស័យធ្លាប់បាន ចូលរួមពិធីសាសនាក្នុង វិហារនេះម្ដងម្កាល ប៉ុន្តែរូបគេមិនមានវត្តមានក្នុងវិហារ First Baptist ឡើយនៅអំឡុងពេលការបាញ់ប្រហារបានកើតឡើង ហើយលោកក៏មិនច្បាស់ដែរថាហេតុអ្វីបានជាខ្មាន់ កាំភ្លើងជ្រើសយកថ្ងៃអាទិត្យ ដើម្បីបើកការបាញ់ប្រហារដ៏ប្រល័យនេះ។

គួរបញ្ជាក់ថា អភិបាលរដ្ឋតិចសាស់ លោក Greg Abbott បានចាត់ទុកថា នេះគឺជាការបាញ់ប្រហារដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រនៃរដ្ឋមួយនវ តែប៉ូលិសអាមេរិក មិនទាន់ បញ្ជាក់បានថាវាគឺការវាយប្រហារភេរវកម្ម ឬយ៉ាងណានោះទេ៕