(ម៉ាឌ្រីត)៖ ប្រជាជនអេស្ប៉ាញរាប់ពាន់នាក់ រស់នៅក្នុងតំបន់ Catalonia បានប្រមូលផ្តុំគ្នា​នៅទីលានកណ្តាលទីក្រុង Barcelona ដើម្បីសម្តែងការប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះការចាប់ខ្លួនអតីតរដ្ឋមន្ត្រីចំនួន ០៨រូប របស់អតីតតំបន់ស្វយ័តមួយនេះ ទៅឃុំខ្លួនជាបណ្តោះ​អាសន្ន ពីបទចូលរួមផ្សំគំនិតបង្កការបះបោរ និងប្រកាសឯករាជ្យ ខណៈអតីតប្រធានាធិបតី ដែលទើបត្រូវបានទម្លាក់ចេញពីអំណាច បានរត់ទៅជ្រកកោណ​នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នារសៀលថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

តុលាការកំពូលរបស់​អេស្ប៉ាញ បានចេញដីកាបង្គាប់ឲ្យ​ចាប់ឃុំខ្លួន អតីតមន្ត្រីកំពូលៗរបស់តំបន់ Catalonia ព្រមទាំង លោក ខាឡែស ភីកដឺម៉ុន ដែលជាអតីតមេដឹកនាំ​របស់អតីតតំបន់ស្វយ័ត មួយនេះផងដែរ ប៉ុន្តែដោយសារ​រូបលោកកំពុង​ស្នាក់នៅទីក្រុងព្រុចសែលនោះ ទើបអតីត​រដ្ឋមន្ត្រី​នានាដែលត្រូវបានគេ​ចោទប្រកាន់ថា បានរួមផ្សំគំនិតក្នុងអំពើបះបោរ និងការប្រើប្រាស់មូលនិធិរដ្ឋ ក្នុងផ្លូវខុសថែមទៀត ត្រូវចាប់ឃុំខ្លួនជាបន្តបន្ទាប់ ដើម្បីរង់ចាំការកាត់ទោស។

បន្ថែមពីនេះទៀត អតីតរដ្ឋមន្ត្រី​របស់ Catalonia បួនរូបផ្សេង​ទៀត ក៏បានទទួល​ដីកា​ឲ្យចូលខ្លួនមក​ដោះស្រាយ តាមផ្លូវច្បាប់​ផងដែរ ប៉ុន្តែពួកគេបាន​បដិសេធ។ ដោយឡែក លោក ភីកដឺម៉ុន ដែលជាអតីតមេដឹកនាំ បានបង្កការបះបោរ និងប្រកាសឯករាជ្យ​ស្ងាត់ៗនៅ Catalonia នោះ​បានប្រកាសពីទីក្រុងព្រុចសែលមកវិញថា លោកមិនបានរត់ភៀសខ្លួន​ពីការចាប់ខ្លួននោះឡើយ ហើយការដែលលោក​ទៅកាន់ទីនោះ គឺដើម្បីប្រមូល​ការគាំទ្រ ពីបណ្តាប្រទេស​សហភាពអឺរ៉ុប។

គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុននេះ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Marinao Rajoy បាន​ប្រកាសចំណាត់ការតាមផ្លូវច្បាប់មួយ ដោយធ្វើការក្រសោបយកតំបន់ Catalonia មកឲ្យទីក្រុងម៉ាឌ្រីត គ្រប់គ្រងវិញ (ដកសិទ្ធិស្វ័យភាព និងតំណែងរដ្ឋបាលតំបន់) ដោយសារតែ​រដ្ឋបាលតំបន់នេះ ហ៊ានប្រកាសឯករាជ្យ ដោយរំលោភទាំងស្រុង​លើរដ្ឋធម្មនុញ្ញ​អេស្ប៉ាញ មាត្រា ១៥៥ ហើយនាយករដ្ឋមន្ត្រី​ខាងលើនេះ បានកំណត់ឲ្យ​រៀបចំការ​បោះឆ្នោត​ជ្រើសរើសមេដឹកនាំ​រដ្ឋបាលថ្មីរបស់ Catalonia នៅថ្ងៃ​ទី២១ ខែធ្នូ ចុងឆ្នាំ២០១៧នេះ៕