(សាន់ហ្វ្រាន់ស៊ីស្កូ)៖ អភិបាលរដ្ឋកាលី​ហ្វរញ៉ា នៃសហរដ្ឋអាមេរិក លោក Jerry Brown បានធ្វើការរិះគន់សេចក្តីព្រាង​ច្បាប់ថ្មី ស្តីពីការកាត់បន្ថយពន្ធ​ទ្រង់ទ្រាយធំ ទៅលើក្រុមហ៊ុន​នានា​​​នៅក្នុង​សហរដ្ឋអាមេរិក ដោយអ្នកគាំទ្រប​ក្សប្រជាធិបតេយ្យរូបនេះបានអះអាង​ថា វាជាប្រការអាក្រក់​សម្រាប់ប្រជាជនអាមេរិកទាំងអស់។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក Brown បានបញ្ជាក់នៅ​ក្នុងសេចក្តីថ្លែងការណ៍​មួយ ធ្វើឡើងនៅ​ថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ​ថា «សេចក្តីព្រាង​ពន្ធដារដ៏ទាន់ហន់ ដែលត្រូវបានប្រកាស​ដោយសភាថ្ងៃនេះ គឺជាការកាត់យកប្រាក់ចំណូល​ពីបុគ្គល និងក្រុមគ្រួសារនានា ទៅឲ្យក្រុមហ៊ុនធំៗ​ដែលមាន​អំណាច​ទៅវិញទេ។ នេះជានយោបាយសេដ្ឋកិច្ចដ៏អាក្រក់របស់គណបក្សសាធារណរដ្ឋ និងជារឿងអាក្រក់​ថែមទៀត សម្រាប់ប្រជាជន​អាមេរិក»

គួរបញ្ជាក់ថា នេះជាការឆ្លើយតបលើកទីពីរហើយ​របស់ លោក Brown ទៅនឹងសេចក្តីព្រាង​ស្នើឡើងទៅសភា ដោយគណបក្សសាធារណរដ្ឋដែលកំពុងកាន់អំណាច នៅក្នុងពេលប៉ុន្មាន​សប្តាហ៍កន្លងទៅនេះ។ រដ្ឋបាលលោក ដូណាល់ ត្រាំ បានរៀបរៀងច្បាប់ថ្មីនេះឡើង ដោយឈរ​លើគោលគំនិត «កាត់បន្ថយពន្ធ ដើម្បីបង្កើនការងារ» ដែលលោក​ធ្លាប់​បានសន្យា តាំង​ពីអំឡុង​យុទ្ធនាការឃោសនាបោះឆ្នោតមកម្ល៉េះ៕