(ពិភពលោក)៖ នៅថ្ងៃពុធ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើងរួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំង សកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ ព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ មន្ត្រីអនុវត្តច្បាប់ជាន់ខ្ពស់អាមេរិកបានឱ្យដឹងថាប៉ូលិសបានរកឃើញកំណត់ហេតុមួយជាភាសាអង់គ្លេសដែលបាន អះអាងថាជនសង្ស័យបើកការវាយប្រហារ កាលពីថ្ងៃអង្គារ ស្លាប់មនុស្ស០៨នាក់ នៅក្នុងទីក្រុងញូយ៉ក (New York) គឺជាបណ្ដាញរបស់ពួក ISIS៕

២៖ ផ្លូវរូងក្រោមដីមួយកន្លែង ដែលកំពុងសាងសង់នៅក្បែរទីតាំងបាញ់សាកល្បងនុយក្លេអ៊ែរ បានបាក់ និងបណ្តាលឱ្យកម្មករជាង២០០នាក់ ត្រូវជាប់គាំងក្នុងគំនរបាក់បែក ដែលទំនងជាស្លាប់បាត់បង់ជីវិតទាំងអស់។ នេះបើយោងតាមសារព័ត៌មាន Yonhap News៕

៣៖ លោក ស៊ីនហ្សូ អាបេ ជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ត្រូវបានបោះឆ្នោតជ្រើសតាំងឲ្យធ្វើជានាយករដ្ឋមន្រ្តីជប៉ុនបន្តនាអាណត្តិថ្មីទៀតនាថ្ងៃពុធនេះ ដោយសភាទាំង០២ជាន់ថ្នាក់៕

៤៖ នៅទីបំផុតរដ្ឋាភិបាលយោធាថៃ បានសម្រេចលុបសុពលភាពលិខិតឆ្លងដែន របស់អតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលបានបាត់មុខឈឹងពីក្រសែភ្នែក សាធារណៈ គិតចាប់តាំងតែពីរូបលោកស្រីបានរត់គេចខ្លួន ចេញពីប្រទេស តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុន ពេលតុលាការកំពូលថៃ ប្រកាសសាលក្រម ជុំវិញសំណុំរឿងធ្វេសប្រហែស ធ្វើឲ្យខាតថវិការដ្ឋរាប់ពាន់លានដុល្លារ ដោយសារតែគោលនយោបាយទិញស្រូវអង្ករ របស់លោកស្រីអំឡុងពេល កាន់អំណាចនោះ៕

៥៖យន្តហោះ Airbus A320 ដែលមានគោលដៅពីទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ឆ្ពោះទៅកាន់ប្រទេសតួកគីនោះបានធ្វើការចុះចត យ៉ាងទាន់ហន់នៅក្នុងទីក្រុង អូឌីស្សា (Odessa) ភាគខាងត្បូងប្រទេសអ៊ុយក្រែន បន្ទាប់ពីអ្នកបម្រើការងារនៅលើយន្តហោះនោះ បានរកឃើញវត្ថុដែលគេសង្ស័យថា ជាគ្រាប់បែក៕

៦៖ យោងតាមទីភ្នាក់ងារតាមដានភូមិសាស្ត្ររបស់អាមេរិក USGS បានឲ្យដឹងថា គ្រោះធម្មជាតិរញ្ជួយផែនដីមួយទៀតកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារចម្ងាយ ១០៩គីឡូម៉ែត្រ ពីតំបន់តាឌីន (Tadine) ស្ថិតនៅភាគខាងកើតនៃកោះ ញូខាឡេដូនៀ (New Caledonia) ដែលជាដែនកោះកម្មសិទ្ធិរបស់បារាំង ស្ថិតនៅក្នុងមហាសាគរប៉ាស៊ីហ្វិក (ភាគត្បូងកោះហ្វីជី និងភាគឦសានអូស្ត្រាលី)៕