(វ៉ាស៊ីនតោន)៖ អភិបាលរដ្ឋញូវយ៉ក (New York) លោក Andrew Cuomo នៅថ្ងៃពុធនេះ បាននិយាយថា ជនសង្ស័យនៃការវាយប្រហារ ដោយបើក រថយន្ដបំបុកសម្លាប់មនុស្ស ០៨នាក់ និងរបួស១១នាក់ នៅឯសង្កាត់ Lower Manhattan នៃទីក្រុង New York កាលពីថ្ងៃអង្គារ គឺមានទំនាក់ទំនងជាមួយពួក ISIS។ នេះបើតាមការចេញផ្សាយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ CNN លោក Andrew Cuomo បានលើកឡើងដូច្នេះថា៖«ជនសង្ស័យនៃការវាយប្រហារភេរវកម្មក្នុងទីក្រុងញូយ៉ក គឺមានទំនាក់ទំនងជាមួយនឹង ពួក ISIS...រូបគេគឺជាមនុស្សកំសាកម្នាក់ដែលមានទំនាក់ទំនងជាមួយពួកភេរវករមួយនេះ ហើយគេក៏ជាមនុស្សជ្រុលនិយមម្នាក់ បន្ទាប់ពីបានមករស់នៅក្នុងសហរដ្ឋអាមេរិក»។   

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក កំណត់ហេតុមួយជាភាសាអង់គ្លេស ត្រូវបានគេរកឃើញនៅក្នុងរថយន្ដមួយគ្រឿង ដែលប៉ូលិសជឿជាក់ត្រូវជនសង្ស័យប្រើប្រាស់នៅ ក្នុងការវាយប្រហារនេះ។ ប៉ូលិសអាមេរិក បានបញ្ជាក់អត្តសញ្ញាណជនសង្ស័យមានឈ្មោះ Sayfullo Saipov មានអាយុ២៩ឆ្នាំជាជនជាតិអ៊ូបេគីស្ថាន ហើយរូបគេត្រូវបានបាញ់ ឱ្យរបួស និងកំពុងព្យាបាលនៅក្នុងមន្ទីពេទ្យ។ ជនឈ្មោះ Saipov គឺជាជនអន្តោប្រវេសន៍ម្នាក់បានមករស់នៅក្នុងសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១០៕