(តូក្យូ)៖​ អគ្គលេខាធិការ​អង្គការ NATO លោក ចេនស៍ ស្តូលធិនប៊ឺក (Jens Stoltenberg) បានហៅប្រទេសកូរ៉េខាងជើង​ថា ជាគ្រោះមហន្តរាយ​ដ៏ធំបំផុត សម្រាប់សកល​លោក​ទាំងមូល និងបានសង្កត់ធ្ងន់ទៀតថា លោកគាំទ្រជានិច្ច​ចំពោះការដាក់ទណ្ឌកម្ម ឲ្យកាន់តែតឹងរ៉ឹង​ជាងមុន ប្រឆាំងរដ្ឋ​កុម្មុយនិស្តមួយ​នេះ។ នេះ​បើ​តាម​ការ​​ចេញ​ផ្សាយ​​​ដោយ សារព័ត៌មាន Channel News Asia នៅរសៀល​ថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០១៧។

ការថ្លែងធ្ងន់ៗបែបនេះ​របស់ លោក Stoltenberg ធ្វើឡើងស្រប​ពេលដែលប្រមុខ​ដឹកនាំនៃ អង្គការសន្ធិសញ្ញា​អាត្លង់ទិកខាងជើង​រូបនេះ កំពុងបំពេញ​​ដំណើរ​ទស្សនកិច្ចនៅឯ​ប្រទេសជប៉ុន ដែលនាពេលកន្លងមកនេះ បានក្លាយជាគោលដៅ​នៃការធ្វើសកម្មភាព​បង្កហេតុ ​របស់ទីក្រុង​ព្យុងយ៉ាង។ លោក Jens Stoltenberg បានមកដល់​ទីក្រុងតូក្យូ ដើម្បីចូលជួប​ពិភាក្សាការងារ​ជាមួយ នាយករដ្ឋមន្រ្តី​ជប៉ុន លោក ស៊ីនហ្សូ អាបេ ដែល​​ទើប​​បាន​ជាប់​ឆ្នោត​ជា​​មេ​ដឹកនាំ​​​ជប៉ុន បន្តទៀតកាលពី​ពេលថ្មីៗនេះ ហើយបានសន្យាថា នឹងចាត់វិធានការ​ក្តៅ ទប់ទល់នឹង​កូរ៉េខាងជើង នៅចំពោះមុខ​មន្រ្តី​​ជាន់​ខ្ពស់​រដ្ឋា​ភិ​បាលជប៉ុន​​ដទៃៗទៀត រួមមានទាំងរដ្ឋមន្រ្តី​ការពារជាតិ​ជប៉ុន លោក Itsunori Onodera ផងដែរ។

គួរបញ្ជាក់ថា ទីក្រុង​ព្យុងយ៉ាង បានបង្កឲ្យអន្តរជាតិ​មានក្តីព្រួយបារម្ភ​ជាខ្លាំង ក្នុងអំឡុងពេល​ប៉ុន្មានខែកន្លង​ទៅនេះ តាមរយៈការ​បំផ្ទុះសាកល្បង​​ក្បាលគ្រាប់នុយក្លេអ៊ែរ​លើកទី០៦ ដែលខ្លាំងក្លា​ជាងរាល់ដង ក៏ដូចជាការធ្វើ​តេស្តបាញ់​មីស៊ីលផ្លោង ដែលនឹងអាចហោះ​ដល់ទឹកដី​សហរដ្ឋអាមេរិក ហើយជាមួយគ្នា​នេះទៀត ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំ​កំពូលផុតលេខ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើ​សង្រ្គាមពាក្យសម្តី​ដាក់គ្នាទៅវិញ​ទៅមក ដែលធ្វើឲ្យមនុស្ស​មួយចំនួនមាន​ការភ័យខ្លាចថា នឹងអាចឈាន​ទៅរកការផ្ទុះសង្រ្គាម​មែនទែន។ ដោយ​​ឡែក ​មិនដល់មួយខែ​មុននោះ​ឡើយ កូរ៉េខាងជើង បានផ្លោងមីស៊ីល​ចំនួន ០២គ្រាប់ រំលងពីលើ​ភាគខាងជើង ប្រទេស​ជប៉ុន ដោយ​គ្មាន​ញញើត​អ្វី​​សូម្បីតែបន្តិច​​៕