(តៃវ៉ាន់)៖ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) បាន​និយាយថា តៃវ៉ាន់បានយល់​យ៉ាងច្បាស់ពី​តម្រូវការ លើការចំណាយ​ថវិកា​កាន់តែច្រើន​សម្រាប់​វិស័យការ ពារជាតិ ក៏ដូចជាបង្កើន​ការចំណាយលើវិស័យយោធា​ផងដែរ។ នេះបើតាម​សារព័ត៌មាន Channel News Asia ដកស្រង់​ពីទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០១៧។

ការថ្លែងបែបនេះ​របស់ លោកស្រី ត្សៃ ធ្វើឡើងនៅអំឡុង​បំពេញទស្សនកិច្ច​នៅក្នុងរដ្ឋ ហាវ៉ៃ (Hawaii) កាលពីចុងសប្ដាហ៍​កន្លងទៅ មុននឹងលោកស្រី​ធ្វើដំណើរទស្សនកិច្ច​​រយៈពេលមួយ​សប្ដាហ៍ ទៅកាន់តំបន់​​ដែនកោះចំនួនបី​​ជាសម្ព័ន្ធមិត្ត​តៃវ៉ាន់ នៅក្នុងតំបន់​ប៉ាស៊ីហ្វិករួមមាន ទូវ៉ាលូ (Tuvalu), សូឡូម៉ុន (Solomon) និង ម៉ាសល (Marshall) ដោយឆ្លងកាត់​តាមទីក្រុង ហូណូលូលូ (Honolulu) និងកោះ ហ្គាំ (Guam)។

ដំណើរ​ទស្សនកិច្ចនេះ ធ្វើឡើងតែពីរ​សប្ដាហ៍​ប៉ុណ្ណោះ មុននឹងលោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ទៅសួរសុខទុក្ខ​ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដល់ទីក្រុង​ប៉េកាំង។ ក៏ប៉ុន្តែ ព្រមពេលជា​មួយគ្នា រដ្ឋាភិបាលទីក្រុង​ប៉េកាំង​បានជំទាស់យ៉ាង​ខ្លាំង រហូត​ដល់អំពាវនាវដល់​សហរដ្ឋអាមេរិក កុំឱ្យ​លោកស្រី ត្សៃ ធ្វើដំណើរកាត់​តាម​ទឹកដី​​អាមេរិក ដើម្បីឆ្ពោះ​ទៅ និងមកពី​ដែនដី​ជាសម្ព័ន្ធមិត្ត​​តៃវ៉ាន់ នៅក្នុងតំបន់​ប៉ាស៊ីហ្វិកនោះឲ្យសោះ។

យ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសៅរ៍​បានបញ្ជាក់ថា ដំណើររបស់​លោកស្រី ត្សៃ អ៊ីងវិន កាត់តាមទឹកដី​អាមេរិក គ្រាន់តែជាការធ្វើដំណើរ​លក្ខណៈឯកជន និង​ក្រៅផ្លូវការ តែប៉ុណ្ណោះ ដែលនេះបញ្ជាក់ថា សហរដ្ឋអាមេរិក​មិនមានបំណង​ផ្លាស់ប្ដូរគោល​នយោបាយ ចិនតែមួយ​នោះឡើយ។

ជុំវិញរឿងរសើបខាងលើនេះ នៅក្នុងសេចក្ដី​ថ្លែងការណ៍ចេញផ្សាយ​ដោយ វិមានប្រធានាធិបតី​តៃវ៉ាន់ នៅថ្ងៃចន្ទនេះ លោកស្រី​ប្រធានាធិបតីបាន​គូសបញ្ជាក់ថា «ទំនាក់ទំនង​រវាង​តៃវ៉ាន់ និង​សហរដ្ឋអាមេរិក​បច្ចុប្បន្ន គឺជាទំនាក់ទំនងមិត្តភាពមិន​ធ្លាប់មាន​ពីមុនមក... យើងពិត​ជា​រីករាយ ដែលបានឃើញ​ការចូលរួមចំណែក​ពី​សហរដ្ឋអាមេរិក ក្នុងការរក្សា​ស្ថេរភាព និងសន្តិភាព​នៅក្នុងតំបន់អាស៊ី​ប៉ាស៊ីហ្វិក ហើយបន្ទាប់ពី​ជួបប្រជុំជា​មួយសហរដ្ឋ​អាមេរិក យើងបានយល់យ៉ាង​ច្បាស់​ពីភាពចាំបាច់ នៃការបង្កើនការចំណាយលើ​វិស័យយោធា»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងតៃវ៉ាន់​មិនមានទំនាក់ទំនង​ការទូតផ្លូវការ​ជាមួយនឹងគ្នា​នោះទេ បន្ទាប់ពីទីក្រុង​វ៉ាស៊ីនតោន បានបង្កើត​ទំនាក់ទំនង​ជាមួយទីក្រុង​ប៉េកាំង ចាប់ពីឆ្នាំ​១៩៧៩មក។ ប៉ុន្តែ​ទីក្រុង​វ៉ាស៊ីនតោន នៅតែឈរនៅ​ពីក្រោយគាំទ្រ​តៃវ៉ាន់ ប្រឈមមុខនឹង​ការកើនឡើងនៃ​ឥទ្ធិពលចិន នៅក្នុងបរិបទ​ដែលថ្នាក់​ដឹកនាំចិន មិនបានបោះចោល​គំនិត​វាយយកកោះតៃវ៉ាន់មក​វិញនោះទេ បើសិនជាទីក្រុង​តៃប៉ិ ហ៊ានប្រកាស​ឯករាជ្យ៕