(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណបានសម្រេចចិត្ត ដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែក B-2 មានសមត្ថភាព​ផ្ទុកអាវុធនុយក្លេអ៊ែរ ទៅកាន់តំបន់មិនកំណត់អត្តសញាណនៃភាគខាង លិចតំបន់ប៉ាស៊ីហ្វិក នៅមុនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បំពេញដំណើរ​ទស្សនកិច្ច មកកាន់តំបន់​អាស៊ីជាលើកដំបូង​ នៅខែវិច្ឆិកា​ខាងមុខនេះ។ នេះបើតាម​ការចេញ ផ្សាយដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០១៧។

គំរោងនៃការហោះហើរ​យន្ដហោះ​ទម្លាក់គ្រាប់បែក B-2 មិនត្រូវបាន​ចេញផ្សាយ​ដោយ​សេតវិមាន ឬក៏ទីបញ្ជាការ​យុទ្ធសាស្ត្រ​អាមេរិក STRATCOM ឡើយ បើទោះជា​មូលដ្ឋានទ័ព អាកាសអាមេរិក​ជាច្រើននៅកូរ៉េខាងត្បូង និងជប៉ុន បានបញ្ចូល​ទៅក្នុងបញ្ជី​យន្ដហោះរយៈចំងាយឆ្ងាយ សម្រាប់ផ្ដល់​ជំនួយ​ក៏ដោយ។

តែទោះជា​បែបនេះក្ដី បើតាម​សារព័ត៌មាន Japan Times យន្ដហោះ​ចម្បាំងនេះ​ទំនងជាអាច​នឹងហោះហើរ​សម្ញែងឫទ្ធិ នៅលើ​ឧបទ្វីបកូរ៉េ ក្នុងគោលបំណង​កាត់បន្ថយ​ការព្រួយបារម្ភ​របស់​ទីក្រុងតូក្យូ និងទីក្រុង​សេអ៊ូល ក៏ដូចជា​បង្ហាញពី​ការប្ដេជ្ញាចិត្ត​ការពារសម្ព័ន្ធមិត្តទាំងនេះ ពីការបង្ករឿងជាយថាហេតុណាមួយ ពីសំណាក់​កូរ៉េខាងជើង នៅអំឡុង​ដំណើរទស្សនកិច្ច​នៃលោក ដូណាល់ ត្រាំ មកកាន់​ទ្វីបអាស៊ី។

គួរបញ្ជាក់ថា បើតាមក្រុម​អ្នកជំនាញ​មួយចំនួន កូរ៉េខាងជើង​ទំនងជាអាច​នឹងធ្វើតេស្ដមីស៊ីល​ផ្លោង​សាជាថ្មី​ នាឱកាស​ដែលប្រធានាធិបតី​អាមេរិក ធ្វើដំណើរ​មកតំបន់​អាស៊ី នៅខែវិច្ឆិកា ជាពិសេស​នៅពេល​ លោក ត្រាំ ចុះសំចតនៅ​កូរ៉េខាងត្បូង និងធ្វើទស្សនកិច្ច​ទៅកាន់តំបន់​គ្មានយោធា​រវាងកូរ៉េខាងត្បូង និង​កូរ៉េខាងជើង៕