(រីយ៉ាដ)៖ ព្រះរាជាណាចក្រ​អារ៉ាប៊ីសាអូឌីត កំពុងចាប់ផ្តើម​បន្ធូរបន្ថយការ​ដាក់កំហិត ទៅលើស្រ្តីភេទ ក្នុងការចូលរួម​ទស្សនាព្រឹត្តិការណ៍​ប្រកួតកីឡា​ដោយ​ផ្ទាល់ ដោយចាប់ពី​ដើមឆ្នាំ២០១៨តទៅ អាជ្ញាធរនៃ​ប្រទេសនេះ នឹងអនុញ្ញាតឲ្យ​ស្រ្តីៗ​ទាំងអស់ មានវត្តមាន​នៅតាមកីឡាដ្ឋាន​ចំនួនបី​ក្នុងទីក្រុង​ធំ​ៗ។ នេះបើតាមការ​​ចេញផ្សាយ​ដោយ សារព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០១៧។

បើតាមសេចក្តី​ប្រកាសរបស់​អាជ្ញាធរកីឡា​អារ៉ាប៊ីសាអូឌីត កីឡាដ្ឋាន King Fahd នៅក្នុងរាជ​ធានី​រីយ៉ាដ, កីឡាដ្ឋាន King Abdullah Sport City នៅ​ក្នុង​​ទីក្រុង Jeddah, និងកីឡាដ្ឋាន Prince Mohammed Bin Fahd នៅក្នុង​ទីក្រុង Dammam ​ដែលពីដើម​ឡើយ​ទទួលតែអ្នកទស្សនា​ជាបុរស​នោះ នឹង​ចាប់ផ្តើម​ការ​​រៀប​ចំ​​ដើម្បី​ទទួល​​មនុស្ស​ជា​លក្ខណៈ​ក្រុមគ្រួសារ​ចូលទស្សនា​នៅទីនោះ។

យ៉ាងណាមិញ ការរៀបចំ​កន្លែងអង្គុយមិនទាន់​​ត្រូវ​បាន​ដឹង​ច្បាស់​​នៅ​ឡើយ​ទេ​នៅពេលនេះ ខណៈតាមទំលាប់​បុរស​ និង​ស្រ្តី​​អារ៉ាប៊ីសាអូឌីត ត្រូវគេដាក់ឲ្យ​នៅដោយឡែកពីគ្នា នៅក្នុងកន្លែង​នានា ដែល​ពួក​គេ​ត្រូវ​បាន​​អនុញ្ញាតឲ្យចូលរួម​ទាំងពីរភេទ។

គួរបញ្ជាក់ថា នេះគឺជាការផ្លាស់ប្តូរ​ទំនៀមទំលាប់ថ្មី​ចុងក្រោយ​គេបំផុត នៅ​អារ៉ាប៊ីសាអូឌីត ដើម្បីផ្តល់សិទ្ធិ​សេរីភាព​កាន់តែទូលំទូលាយ​ជាងមុន ជូន​​ដល់​ស្រ្តីភេទ​បន្ទាប់ពីក្រឹត្យ​ជាប្រវត្តិសាស្រ្ត​មួយកាលពី​ខែកញ្ញា​កន្លងទៅ បានកំណត់ថា នឹងអនុញ្ញាត​ឲ្យពួកគេ​បើកបរ​រថយន្ត៕