(នីកូស)៖ សាធារណរដ្ឋ សាយព្រឺស (Cyrus) ដែលស្ថិតនៅក្នុងដែនសមុទ្រមេឌីទែរ៉ាណេ បានចេញមុខប្រឆាំង និងថ្កោលទោសចំពោះការប្រកាសឯករាជ្យ នៃតំបន់ Catalonia ដែលបានធ្វើឡើងដោយស្ងាត់ និងនាំឲ្យរដ្ឋាភិបាលអេស្ប៉ាញប្រើធម៌ក្តៅ ដោយបានដកមេដឹកនាំ និងស្វ័យភាពចេញពីតំបន់ភាគខាងកើត នៃប្រទេសអឺរ៉ុបមួយនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នាល្ងាច​ថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០១៧។

សេចក្តីថ្លែងការណ៍របស់​ក្រសួងការបរទេស សាយព្រឺស បានបញ្ជាក់​យ៉ាងដូច្នេះថា «សាយព្រឺស​សូមប្រឆាំង​ចំពោះ ការរំលោភ​បំពាននីតិរដ្ឋ និងសូមបញ្ជាក់ជំ​ហរពេញទំហឹង​ក្នុងការគាំទ្រការ​ឯកភាពជាតិ និងការគោរពរដ្ឋធម្មនុញ្ញ នៃរាជាណាចក្រអេស្ប៉ាញ។ យោងទៅតាមគោលការណ៍ និងមូលដ្ឋានគ្រឹះជាសកលរបស់សហភាពអឺរ៉ុប សាយព្រឺស​មិនអាចទទួលស្គាល់ ការប្រកាសឯករាជ្យជា​ឯកតោភាគី​របស់ Catalonia នោះឡើយ»

គួរបញ្ជាក់ថា នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ នាយករដ្ឋមន្រ្តី​អេស៉្បាញ​ លោក ម៉ារីយ៉ាណូ រ៉ាហ្សយ (Mariano Rajoy) បានប្រកាសថា មេដឹកនាំកាតាឡាន លោក ខាឡែស ភីកដឺម៉ុនត៍ (Carles Puigdemont) និងរដ្ឋាភិបាលត្រូវ​​បាន​ទម្លាក់​ពីអំណាច​ជាផ្លូវការហើយ ខណៈលោក Rajoy បានអំពាវនាវ​ឲ្យមាន​ការបោះឆ្នោតថ្មី នៅក្នុងតំបន់​នាថ្ងៃទី២១ ខែធ្នូខាងមុខ បន្ទាប់ពី​សភា ​កាតាឡាន ទីបំផុតបានសម្រេចធ្វើ​ការបោះឆ្នោតស្ងាត់ៗ​ជាឯកតោភាគី ដើម្បីប្រកាសឯករាជ្យ​ផ្តាច់តំបន់​កាតាឡាន (Catalonia) ចេញពីការគ្រប់គ្រង​របស់​រដ្ឋាភិបាល​កណ្តាល​ទីក្រុងម៉ាឌ្រីត៕