(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតី​អាមេរិក លោក ម៉ៃ ភែន (Mike Pence) បានបញ្ជាក់​អះអាងថា ទីក្រុងវ៉ាស៊ីនតោន​នឹងនៅតែបន្តការ​ដាក់សម្ពាធ​សេដ្ឋកិច្ច និង​ការទូតទៅ​លើប្រទេស​កូរ៉េខាងជើង​ដដែល ដើម្បីរាំងខ្ទប់​ការអភិវឌ្ឍ​កម្មវិធីមីស៊ីល និងនុយក្លេអ៊ែរ​របស់ទីក្រុង​ព្យុងយ៉ាង។ នេះបើតាម​ការចេញ​ផ្សាយ​​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០១៧។

ការថ្លែងបែប​នេះរបស់ លោក Pence ធ្វើឡើងក្នុង​ឱកាសបំពេញដំណើរទស្សនកិច្ច​របស់ លោកអនុប្រធានាធិបតី ទៅកាន់​មូលដ្ឋានទ័ព​អាកាសអាមេរិក​នៅ​​ឯរដ្ឋ ណតស៍ ដាកូតា (North Dakota) ជាទីជម្រកនៃ​យន្តហោះ​ទម្លាក់គ្រាប់ B-52 ដ៏មានអនុភាព និងមីស៊ីលផ្លោង​ឆ្លងទ្វីប ICBM។ នាអំឡុងដំណើរ​ទស្សនកិច្ច លោក Pence បានថ្លែងយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក​នៅតែបន្តអនុវត្តន៍ ការដាក់សម្ពាធ​សេដ្ឋកិច្ចក៏ដូច​ជាការទូត ដើម្បីបង្ខំឲ្យ​កូរ៉េខាងជើង បោះបង់ចោល​មហិច្ឆតា​អភិវឌ្ឍន៍អាវុធ​នុយក្លេអ៊ែរ និងមីស៊ីលផ្លោង​របស់ខ្លួន»

ជាមួយគ្នានេះ​ដែរ រដ្ឋមន្រ្តីការពារជាតិ​អាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) ដែលបាន ​និងកំពុងបំពេញ​ទស្សនកិច្ច​នៅកូរ៉េខាងត្បូង​បានបញ្ជាក់​ថា ប្រទេស​របស់​លោក «ពុំមានចេតនា​ចង់បំផ្ទុះសង្រ្គាម​ជាមួយ​កូរ៉េខាងជើងនោះទេ ប៉ុន្តែអាមេរិក​គ្រាន់តែ​ចង់​ឲ្យឧបទ្វីបកូរ៉េ គ្មានអាវុធប្រល័យលោក​តែប៉ុណ្ណោះ»។

គួរជម្រាបថា ការលើកឡើង​ពីមន្រ្តីកំពូលៗទាំង ០២រូប របស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើ​ឡើង នៅមុនដំណើរ​ទស្សនកិច្ច​នៅអាស៊ីរបស់ ​ប្រធា​​នាធិបតី​សហរដ្ឋអាមេរិកទី ៤៥ រូបនេះ ដែលនឹង​ផ្តើមប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា​ខាងមុខនេះ។ វានឹងក្លាយជា​ដំណើរទស្សនកិច្ច ​​លើកដំបូង​បំផុត​របស់លោក ទៅកាន់តំបន់នេះ ចាប់តាំងតែពីលោក ត្រាំ បានស្បថឡើងកាន់​តំណែងកាលពី​ដើមឆ្នាំនេះមក ហើយក្នុង​ឱកាសនោះ​ លោក​ក៏នឹងធ្វើដំណើរទៅកាន់​កូរ៉េខាងត្បូង​ផងដែរ៕