(ប៉េកាំង)៖ ព័ត៌មានដែល​បែកធ្លាយកាលពីពេលថ្មីៗ​នេះបានឲ្យដឹងថា ក្រុមអ្នក​វិទ្យាសាស្ត្រចិន​បានផ្តល់ដំបូន្មាន​ជាបន្ទាន់មួយ ឲ្យក្រុមជំនាញ​របស់ប្រទេស​កូរ៉េខាងជើង ធ្វើការផ្តាស់ប្តូរ​​ទីតាំង​ដែលខ្លួនតែងតែ​ប្រើប្រាស់ដើម្បីធ្វើតេស្ត​គ្រាប់បែក​ នុយក្លេអ៊ែរ-អ៊ីដ្រូសែន ភុងគ្យេរី (Punggye-ri) ភាគឦសាន​ប្រទេស។ នេះបើតាមការ​ចេញផ្សាយដោយ សារព័ត៌មាន​រុស្ស៊ី Sputnik នាព្រឹក​ថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០១៧។

បើតាមក្រុមអ្នក​ជំនាញរបស់ប្រទេសចិន ទីតាំងជ្រលងភ្នំ​ភុងគ្យេរី ត្រូវបាន​កូរ៉េខាងជើង​ប្រើប្រាស់ដើម្បី​ធ្វើតេស្តអាវុធ​ប្រល័យ​លោក​ធំៗ​ចំនួន ០៦លើក​មកហើយ។ ការព្រមាន​​ធ្ងន់ៗរបស់​របស់ប្រទេស​ចិននេះ ក៏មិនមែនជារឿងអ្វីចម្លែកដែរ ព្រោះថាទីតាំង​ខាងលើនេះ គឺស្ថិតនៅ​មិនឆ្ងាយពី​តំបន់ព្រំដែន​របស់ប្រទេសចិន និងកូរ៉េខាងជើងនោះឡើយ ហើយក្រុមអ្នក​វិទ្យាសាស្ត្រចិន មិនអាចបណ្តោយឲ្យ​ទីតាំងធ្វើតេស្តនុយក្លេអ៊ែរ​កូរ៉េខាងជើង បាក់ស្រុត ដែលនាំឲ្យបែកធ្លាយ​សារធាតុពុល ឬវិទ្យុសកម្ម សាយភាយ​ទៅដែនដីចិននោះ​ឡើយ។

ឯកសារពីក្រុមជំនាញចិន​ បានបញ្ជាក់យ៉ាង​ដូច្នេះថា «ប្រហែលជា​កូរ៉េខាងជើងខ្លួនឯង​បានដឹងហើយថា ទីតាំងនោះមិនអាចធ្វើការបំផ្ទុះគ្រាប់​បន្ថែមទៀតទេ។ ប្រសិនបើ​ទីក្រុងព្យុងយ៉ាងនៅតែចង់​ធ្វើដូច្នេះទៀតនោះ ពួកគេត្រូវតែធ្វើ​នៅកន្លែង​ផ្សេងទៀត។ ជាក់​ស្តែងឧបករណ៍​តាមដាន​របស់ចិន អាចធ្វើការចាប់រលក​សញ្ញានៃការធ្វើតេស្ត​នុយក្លេអ៊ែរបាន ប៉ុន្តែវានឹងហួស​ពេលហើយ បើសិនជាកើត​ឡើងដូច្នោះមែននោះ»

សម្តីព្រមានចុងក្រោយ​របស់ក្រុមអ្នកវិទ្យាសាស្ត្រចិន គឺ «ការដួលរលំនៃតំបន់ធ្វើតេស្ត​នុយក្លេអ៊ែរ​កូរ៉េខាងជើង វានឹងរីករាលដាលសារធាតុពុល ពាសពេញអឌ្ឍគោលខាងជើងទាំងមូល»