(អេស្ប៉ាញ)៖ សភាប្រចាំតំបន់ Catalan នៅថ្ងៃសុក្របានបោះឆ្នោតដោយសម្លេងច្រើនលើសលុប ដោយប្រកាសឯករាជ្យផ្តាច់ខ្លួនចេញពីប្រទេស អេស្ប៉ាញ ដែលធ្វើឱ្យវិបត្តិនយោបាយក្នុងប្រទេសនេះ ធ្លាក់ក្នុងភាពយ៉ាប់យឺនកាន់តែខ្លាំង នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ។

សមាជិកសភា Catalan បានបោះឆ្នោតដោយសម្ងាត់ក្នុងសភារបស់ខ្លួន បន្ទាប់ពីកិច្ចពិភាក្សាស្តីពីការដាក់ញត្តិដើម្បីសុំបង្កើតរដ្ឋាភិបាលសាធារណរដ្ឋ Catalan ក្នុងនាមជារដ្ឋឯករាជ្យ និងមានអំណាចពេញលេញ។ លទ្ធផលនៃការបោះឆ្នោតគឺ៧០សម្លេងគាំទ្រ ១០សម្លេងប្រឆាំង និង២សម្លេងអនុបវាទ។

ការបោះឆ្នោតនេះត្រូវបានធ្វើឡើង ខណៈដែលសភាអេស្ប៉ាញ បានធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាលក្រុង ម៉ាឌ្រីដ នូវគម្រោងមិនធ្លាប់មានពីមុនមក ដើម្បីគ្រប់គ្រងទៅលើតំបន់ស្វយ័ត ដើម្បីជាកិច្ចខិតខំប្រឹងប្រែងក្នុងការរារាំងការផ្តាច់ខ្លួននេះ៕