(ប៉េកាំង)៖ ក្រសួង​ការបរទេសចិន នៅថ្ងៃសុក្រនេះ បានអំពាវនាវឱ្យ​សហរដ្ឋអាមេរិក កុំបណ្ដោយ​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) ធ្វើដំណើរកាត់​តាមទឹកដី​អាមេរិក ឆ្ពោះទៅ និង​មកពីដែនដី​ជាសម្ព័ន្ធមិត្ត​របស់តៃវ៉ាន់ នៅ​ក្នុងតំបន់​ប៉ាស៊ីហ្វិកឲ្យសោះ។ ក៏ប៉ុន្តែទន្ទឹមគ្នា គេអាចទាយ​ដឹងរួចជា​មុន​ទៅហើយថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនធ្វើតាម​សំណើនេះទេ ខណៈតៃវ៉ាន់​ជាសម្ព័ន្ធមិត្ត និងជាម៉ូយ​ទិញអាវុធ​ដ៏ធំរបស់ខ្លួន។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០១៧។

លោកស្រី Tsai Ing-wen នឹងចាប់ផ្ដើមធ្វើ​ដំណើរនៅ​ថ្ងៃសៅរ៍នេះ ក្រោមក្របខណ្ឌ​នៃដំណើរទស្សនកិច្ច​ រយៈពេលមួយ​សប្ដាហ៍ ទៅកាន់តំបន់​ដែនកោះចំនួនបី​ នៅក្នុងតំបន់ប៉ាស៊ីហ្វិកគឺ Tuvalu, Solomon និង Marshall ដោយឆ្លងកាត់​តាមទីក្រុង Honolulu និងកោះ Guam។

ជុំវិញដំណើរទស្សនកិច្ច​នេះដែរ ថ្លែងក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Geng Shuang បានគូស​បញ្ជាក់ដូច្នេះ «ចិនបានបង្ហាញ​គោលជំហរ​យ៉ាងម៉ឺងម៉ាត់ ទៅកាន់​សហរដ្ឋអាមេរិក ចំពោះ​បញ្ហានេះ ហើយថែមទំាង​បានជំរុញឱ្យទីក្រុង​វ៉ាស៊ីនតោន គោរព ឱ្យបានខ្ជាប់ខ្ជួន​ នូវគោលនយោបាយចិន​តែមួយ។ មួយវិញទៀត ពាក់ព័ន្ធនឹង​ដំណើរទស្សនកិច្ច​របស់មេដឹកនាំ​តែវ៉ាន់ កាត់តាមទឹកដី​អាមេរិក ខ្ញុំគិតថា​ហេតុផលពិតប្រាកដ​ សម្រាប់ការ​ធ្វើដំណើរ​ឆ្លងកាត់នេះ មិនចាំបាច់ត្រូវ​ពន្យល់​ទៀតទេ»

គួរបញ្ជាក់ថា ការអំពាវនាវខាងលើ​កើតមានឡើងតែពីរ​សប្ដាហ៍ប៉ុណ្ណោះ មុននឹងប្រធានាធិបតី​អាមេរិក លោក ​ដូណាល់ ត្រាំ បំពេញដំណើរ​ទស្សនកិច្ចមក​កាន់ទីក្រុងប៉េកាំង ជាទី​ដែលលោក ត្រូវបានគេរំពឹងថា នឹងជំរុញឱ្យ​សមភាគីចិន​លោក ស៊ី ជិនពីង ជួយ​សហរដ្ឋអាមេរិក ដោះស្រាយជា​មួយ​កូរ៉េខាងជើង៕