(បាងកក)៖ ព្រះបាទ មហា វិច្ចិរ៉ាឡុងកន (Maha Vajiralongkorn) ព្រះមហាក្សត្រថៃ បានធ្វើជាព្រះរាជាធិបតីភាព ក្នុងព្រះរាជពិធីបែបសាសនា ដើម្បីព្រះរាជពិធីថ្វាយព្រះភ្លើង ចំពោះអតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej), នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយនៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ។

ព្រះបាទព្រះមហាក្សត្រថៃ បានយាងឡើងលើព្រះមេរុ នៅវេលាម៉ោង៧យប់នេះ ដើម្បីថ្វាយផ្កា បន្ទាប់មកមានការថ្វាយផ្កា ពីសំណាក់សម្តេចសង្ឃ និងមន្ត្រីសង្ឃជាន់ខ្ពស់ ព្រមទាំងខ្សែរាជវង្ស និងប្រតិភូបរទេសផងដែរ។

ស្របពេលនោះ ល្ខោនបុរាណថៃ ដែលក្រុមអ្នកសម្តែងពាក់មុខ រឿង «Ramakien» ត្រូវបានសម្តែងឡើង នៅពីមុខព្រះមេរុ តាមបែបបុរាណ និងការសម្តែងជាច្រើនទៀត ជាមួយនឹងអ្នកសម្តែងប្រមាណ៣ពាន់នាក់ បានចូលរួម។ ការសម្តែងមុនពេលថ្វាយព្រះភ្លើង គឺជាប្រពៃណីយូរអង្វែងមួយ ដែលមានអាយុកាលតាំងពីសម័យ «Ayutthaya»។ ការសម្តែងនេះ ត្រូវបានប្រារព្ធឡើង ដើម្បី​ថ្វាយទៅខ្សែរាជវង្ស ដែលបានសោយទីវង្គត ហើយកំណត់ថា វាគឺជា​ចុងបញ្ចប់ នៃការកាន់ទុក្ខ។

ព្រះរាជពិធីថ្វាយព្រះភ្លើងនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីព្រះបរមកោដ្ឋ ត្រូវបានរំកិលដាក់លើព្រះមេរុ ដោយពិធីថ្វាយព្រះភ្លើងតែម្តងរៀបចំធ្វើឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី២៦​ ខែតុលា ឆ្នាំ២០១៧។

នៅថ្ងៃសុក្រស្អែកនេះ ព្រះមហាក្សត្រ ព្រះបាទ មហា វិច្ចិរ៉ាឡុងកន និងព្រះមហាក្សត្រយានី ព្រះនាង មហាចក្រី ស៊ីរិនថន (Maha Chakri Sirindhorn) នឹងវិលត្រឡប់ទៅកាន់ ព្រះមេរុម្តងទៀត ដើម្បីប្រារព្ធពិធីនាំយកធាតុ របស់អតីតព្រះមហាក្សត្រថៃ ដែលនៅសេសសល់ ទៅតម្កល់នៅសាល Dusit Maha Prasat Throne Hall នៃព្រះបរមរាជវាំង៕