(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំង សកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ព្រះរាជពិធីថ្វាយព្រះភ្លើង ដល់​​អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) នឹងចាប់ផ្ដើម​​ នៅវេលាម៉ោង ៥៖៣០នាទី​ល្ងាចថ្ងៃនេះ ខណៈការថ្វាយព្រះភ្លើងតែម្តង នឹងធ្វើឡើងនៅម៉ោង ១០៖០០នាទីយប់នេះ៕

២៖ យោងតាម​របាយការណ៍មួយ​ចេញផ្សាយនាពេលថ្មីៗស្តីពីវត្ថុអាថ៌កំបាំង​នៅក្នុ​ង​ចក្រវាឡ អាចម៍ផ្កាយដ៏​ធំ​មួយ​​ដុំឈ្មោះ 1995 SN55 ដែលត្រូវបាន​ក្រុមតារាវិទូប្រទះ​ឃើញ នៅរសាត់​អណ្តែត​​ក្នុង​លំហ​​អវ​កាស ​ជា​លើក​​ដំបូង​​កាល​ពី​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៩៥នោះ បានបាត់ស្រមោល​សូន្យឈឹងទៅវិញ​តែម្តង នៅក្នុងពេលតែប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ ក្រោយ​ពី​ការ​​រក​​​ឃើញ​វត្ត​មានរបស់​វា រហូតមកទល់​ពេលនេះ៕

៣៖ នាយករដ្ឋ​មន្រ្តីអ៊ីរ៉ាក់ លោក ហេដឺ អាល់ អាបាឌី (Haider al-Abadi) បានបញ្ជាក់​ច្បាស់ៗថា លោកចង់ឲ្យលទ្ធផល​នៃការបោះ​ឆ្នោត​ប្រជាមតិរបស់​តំបន់ឃើដ ត្រូវចាត់ទុកជា​មោឃៈ ពុំមែនគ្រាន់តែ​ផ្អាកនោះទេ៕

៤៖ ក្រុមអ្នកជំនាញ​ភ្នំភ្លើង​កំពុងស្ថិតនៅ​លើកោះ ឡា ផាល់ម៉ា (La Palma) នៃតំបន់​ដែនកោះ ខាណារី (Canary) ប្រទេស​អេស្ប៉ាញ ដើម្បីតាមដាន និងចង់ដឹងថា​តើភ្នំភ្លើង គូមប្រេ វាចា (Cumbre Vieja) នឹងផ្ទុះឡើង​ដែរ ឬយ៉ាងណា បន្ទាប់ពីមានការ​រញ្ជួយដី ៤០លើក ក្នុងរយៈពេល ១៥ម៉ោង កាលពីចុង​សប្ដាហ៍​កន្លងទៅ៕

៥៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រុស្ស៊ីកំពុងតែ​ធ្វើឲ្យប៉ះពាល់ដល់​កិច្ចប្រឹងប្រែង​របស់​សហរដ្ឋអាមេរិក ក្នុងការ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ ចេញពីប្រទេស​កូរ៉េខាងជើង ស្របពេល​ដែលចិន​បាន និង​កំពុង​ជួយសម្រេច​គោលដៅនេះ៕

៦៖ ហេតុការណ៍​ផ្ទុះរថយន្តដ៏កក្រើក​មួយ នៅក្នុងរដ្ឋធានីកៀវ​នៃប្រទេស​អ៊ុយក្រែន បានផ្តាច់ជីវិតអង្គរក្ស​ម្នាក់​ និង​បានបណ្តាលឲ្យមនុស្ស ០៣នាក់ ផ្សេងទៀត​រួមមានទាំង​សមាជិកសភា លោក អ៊ីហ័រ ម៉ូស៊ីយជុក (Ihor Mosiychuk) ទទួល​រងរបួស៕