(អ៊ីរ៉ាក់)៖ ក្រុមជនជាតិឃើដ​នៅអ៊ីរ៉ាក់​បានប្រកាសថា ខ្លួនបានសម្រេច​បង្កកលទ្ធផល នៃការបោះឆ្នោត​ប្រជាមតិ​ ដែល​ធ្វើឡើងកាលពី​ខែមុន ហើយអង្គុយចុះ​ជាមួយរដ្ឋាភិបាល​កណ្តាល​របស់អ៊ីរ៉ាក់ ដើម្បីចាប់ផ្តើម​ការចរចាគ្នា ក៏ប៉ុន្តែមក​ទល់​ពេល​នេះ ទីក្រុង​បាកដាដ​នៅតែមិន​ទាន់បង្ហាញតំរុយ​ថា យល់ព្រមនៅ​ឡើយទេ។ នេះបើតាម​ការ​ចេញផ្សាយ​​ដោយ​ សារ​ព័ត៌​មាន​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០១៧។

ការបោះឆ្នោត​ប្រជាមតិ​កាលពីខែកញ្ញា​កន្លងទៅ ទទួលបានសំឡេងគាំទ្រយ៉ាង​លើសលប់ ពីសំណាក់ប្រជាជន​ឃើដ​​នៅអ៊ីរ៉ាក់ ប៉ុន្តែរដ្ឋាភិបាល​កណ្តាលនៅក្នុង​ទីក្រុង​បាកដាដ បានបញ្ចេញ​ប្រតិកម្មមិនល្អ​ប៉ុន្មាននោះ​ឡើយ ចំពោះ​រឿង​នេះ ខណៈបញ្ហា​ជម្លោះប្រដាប់​អាវុធរវាងភាគី​ទាំងនេះ បានផ្ទុះ​ឡើងកាលពី​ប៉ុន្មានសប្តាហ៍​មុននេះ ដោយឃើដ​បាន​​អះ​អាង​ថា ពួកគេត្រៀម​លក្ខណៈ​រួចជាស្រេច ដើម្បីការពារទឹកដី​របស់ពួកគេ តាមគ្រប់មធ្យោបាយ​ទាំងអស់ ដែល​ចាំ​បាច់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែតុលានេះ អាជ្ញាធរឃើដ​នៅក្នុងទីក្រុង អេប្រ៊ីល (Erbil) បានឲ្យដឹងថា ពួកគេមាន​ចេតនា​ចង់ជួបចរចាគ្នា និងបានស្នើឲ្យមាន​បទឈប់បាញ់​មួយ​ភ្លាមៗ ហើយថា​នឹងបញ្ឈប់គ្រប់​ប្រតិ​បត្តិ​ការ​យោធា​ទាំង​​អស់​រ​បស់ខ្លួន នៅក្នុង​តំបន់ឃើដ ដើម្បីបំពេញ​កាតព្វកិច្ច នៅចំពោះមុខ​ប្រជាជនឃើដ ក៏ដូចជាប្រជាជន​​អ៊ីរ៉ាក់​ទាំង​មូល។

លោក អាលី មូសាវី (Ali Musawi) អ្នកកាសែតនៅ​ប្រទេសអ៊ីរ៉ាក់ បានលើកឡើងថា បទ​ឈប់បាញ់​នេះ ត្រូវបានទទួល​ស្វាគមន៍​ដោយ​រីករាយ​ពីភាគីទាំងពីរ​ពីព្រោះថា ប្រសិនបើបញ្ហា​ជម្លោះកាន់តែ​តានតឹង​ឡើង វានឹងឈានទៅ​រកលទ្ធផល​ដ៏​អាក្រក់ ឬថែមទាំងអាច​បង្កើតជាសង្រ្គាមស៊ីវិល​ នៅក្នុងប្រទេស​អ៊ីរ៉ាក់​ទៀតផង ដែលនឹងបង្ក​ការភ័យខ្លាច​ ដល់មនុស្ស​រាល់គ្នា​មិនត្រឹមតែនៅក្នុង​ប្រទេសឡើយ តែនៅក្នុង​តំបន់មជ្ឈិមបូព៌ា​ទាំងមូល។

អ្នកវិភាគឈ្មោះ កានី ហ្ស៊ូឡេម (Kani Xulam) បាន​គូសបញ្ជាក់ថា បញ្ហាជា​មួយក្រុមឃើដ​នៅអ៊ីរ៉ាក់​នោះគឺថា ពួកគេមាន​ការខ្វែងគំនិត​គ្នាជាមួយរដ្ឋាភិបាល​ទីក្រុង​បាកដាដ​ជុំវិញរឿងថា​ តើទឹកដីសំខាន់ៗមួយ​ចំនួន គួរតែស្ថិត​ក្រោមការគ្រប់គ្រង​របស់​​ភាគី​ខាងណា។ បើតាមរដ្ឋ​ធម្មនុញ្ញអ៊ីរ៉ាក់ ភក្តីភាព​នៃទឹកដីទាំងនោះ ត្រូវតែសម្រេចដោយការបោះឆ្នោត​ប្រជាមតិ​ ដែលជារឿង​ទីក្រុងបាកដាដ មិនដែលធ្លាប់​ធ្វើពីមុន​មកឡើយ៕