(អេស្ប៉ាញ)៖ ក្រុមអ្នកជំនាញ​ភ្នំភ្លើង​កំពុងស្ថិតនៅ​លើកោះ ឡា ផាល់ម៉ា (La Palma) នៃតំបន់​ដែនកោះ ខាណារី (Canary) ប្រទេស​អេស្ប៉ាញ ដើម្បីតាមដាន និងចង់ដឹងថា​តើភ្នំភ្លើង គូមប្រេ វាចា (Cumbre Vieja) នឹងផ្ទុះឡើង​ដែរ ឬយ៉ាងណា បន្ទាប់ពីមានការ​រញ្ជួយដី ៤០លើក ក្នុងរយៈពេល ១៥ម៉ោង កាលពីចុង​សប្ដាហ៍​កន្លងទៅ។ ក៏ប៉ុន្តែអ្វីដែលពួកគេ​ព្រួយបារម្ភ គឺថាបើសិនជា​ភ្នំភ្លើងនេះផ្ទុះ​ពិតមែន នោះវាអាច​នឹងបង្ក ជារលកយក្ស​ស៊ូណាមិ។ នេះបើតាមការ​ចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០១៧។

ភ្នំភ្លើង Cumbre Vieja បានផ្ទុះឡើងលើក​ចុងក្រោយកាល​ពីឆ្នាំ១៩៧១ ហើយភ្នំភ្លើង​មួយនេះក៏ធ្លាប់​បញ្ចេញសកម្មភាព​ នៅឆ្នាំ១៩៤៩ផងដែរ។ ប៉ុន្តែតាមរយៈការរញ្ជួយដីថ្មីៗ​នេះដែល​មាន កំរិត ១.៥រ៉ិចទ័រ និង២.៧រ៉ិចទ័រ ក្រុមអ្នកជំនាញ​មានការព្រួយបារម្ភ​យ៉ាងខ្លាំង ដោយខ្លាចក្រែងវា​អាចនឹងបញ្ចេញ​សារធាតុពុល និងបង្កជា​រលកយក្ស​ស៊ូណាមិ ដូច្នេះហើយ​ទើបពួកគេបាន តម្លើងឧបករណ៍​តាមដាន​សារធាតុពុល ឬគីមី នៅក្នុងករណីភ្នំ​ភ្លើងនេះ​ផ្ទុះឡើង។

គួរបញ្ជាក់ថា កោះ La Palma មាន​ប្រជាជន ៨៦,០០០នាក់ ត្រូវបានគេចាត់​ទុកថា ជាតំបន់មានសកម្មភាព​ភ្នំភ្លើងច្រើនបំផុត នៃតំបន់​ដែនកោះ Canary ដែលជាទីប្រជុំកោះ​អេស្ប៉ាញមួយ នៅតំបន់ឆ្នេរ​អាហ្រ្វិក​ភាគពាយ័ព្យ៕