(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រុស្ស៊ីកំពុងតែ​ធ្វើឲ្យប៉ះពាល់ដល់​ កិច្ចប្រឹងប្រែង​របស់​សហរដ្ឋអាមេរិក ក្នុងការ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ ចេញពីប្រទេស​កូរ៉េខាងជើង ស្របពេល​ដែលចិន​បាន និង​កំពុង​ជួយសម្រេច​គោលដៅនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Channel News Asia នៅ​ព្រឹក​​ថ្ងៃ​ព្រហស្បតិ៍ ទី២៦ ខែ​តុលា ឆ្នាំ២០១៧។

ថ្លែងក្នុងកិច្ចសម្ភាសន៍​មួយជាមួយបណ្តាញ​សារព័ត៌មាន Fox Business លោក ដូណាល់ ត្រាំ បានលើកឡើងថា វា​នឹង​ងាយស្រួលដោះ​ស្រាយបញ្ហា​អាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើងជាង ប្រសិនបើ​សហរដ្ឋអាមេរិក មានទំនាក់ទំនង​​ប្រសើរ​ឡើងជាងមុន​ជាមួយប្រទេសរុស្ស៊ី។
ជាមួយគ្នានេះ លោក ត្រាំ បានបន្តថា «ចិនកំពុងតែខិតខំ​ជួយពួកយើង ខណៈរុស្ស៊ី​កំពុងតែដើរ​ផ្លូវផ្សេងទៀត ហើយ​បង្កផល​ប៉ះពាល់ដល់​កិច្ចប្រឹងប្រែង​របស់យើង»

គួរបញ្ជាក់ថា ទំនាក់ទំនង​អាមេរិក-រុស្ស៊ី បានធ្លាក់ចុះ​ដុនដាប ដោយសារតែ​រឿងអាស្រូវ ដែលថា​រុស្ស៊ីបានលូកដៃចូលក្នុងដំណើរការ​ បោះឆ្នោត​ជ្រើសរើសប្រធានាធិបតី​អាមេរិក កាលពីឆ្នាំ២០១៦, ការកាត់យក​តំបន់គ្រីមៀរបស់​ទីក្រុង​ម៉ូ​ស្គូ​ពីអ៊ុយក្រែន, និងការគាំទ្រ​របស់រុស្ស៊ីចំពោះ​រដ្ឋាភិបាលស៊ីរី៕