(វ៉ាស៊ីនតោន)៖ នៅក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី មកកាន់រដ្ឋធានី​វ៉ាស៊ីនតោន សិង្ហបុរីបានសម្រេច​ចុះកិច្ចព្រមព្រៀង​ទិញយន្តហោះ ៣៩គ្រឿង ពីក្រុមហ៊ុន Boeing សហរដ្ឋអាមេរិក ក្នុងតម្លៃ ១៣.៨ពាន់លានដុល្លារ ដែលប្រការនេះ​​នឹងធ្វើ​ឲ្យមុខមាត់ លោក ដូណាល់ ត្រាំ កាន់តែរីកធំ​ជាងមុនទៀត ក្នុងការធ្វើឲ្យវិស័យពាណិជ្ជកម្ម​អាមេរិក​មានភាព​រីកចំរើនជាលំដាប់។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងកិច្ចជំនួបជាមួយ លោក ដូណាល់ ត្រាំ នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក លី សៀន លូង (Lee Hsien Loong) ក៏បានឆ្លៀតឱកាសលើកឡើងអំពី ទំនាក់ទំនង​ល្អរវាង​សហរដ្ឋអាមេរិក និងចិនផងដែរថា ដោយលោកសង្កត់ធ្ងន់ថា វា​នឹង​ផ្ដល់ផលចំណេញ​នៅក្នុងតំបន់ និងពិភពលោក​ទំាងមូល។ ការថ្លែង​បែបនេះ​របស់ លោក Lee​ ធ្វើឡើងនៅ​អំឡុងពេល​បំពេញ​ដំណើរទស្សន​កិច្ច មកកាន់សហរដ្ឋអាមេរិក។

ថ្លែងនៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា ជាមួយលោក ​ដូណាល់ ត្រាំ លោក Lee Hsien Loong បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ទំនាក់ទំនង​ល្អរវាង​សហរដ្ឋអាមេរិក និងចិន នឹងចូលរួម​ចំណែករក្សា សន្តិភាព ស្ថេរភាព និងការរីកចំរើន​នៅក្នុងតំបន់ ក៏ដូចជា​សម្រាប់ប្រទេស​ទាំងពីរ​ខ្លួនឯងផ្ទាល់... ហើយខ្ញុំក៏​សង្ឃឹម​ដែរថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងរក្សា​ស្ថេរភាព​នៃទំនាក់ទំនង​ស្ថាបនា ជាមួយទីក្រុង​ប៉េកាំង តាមរយៈ​ការប្ដេជ្ញាចិត្ត​ទៅវិញ​ទៅមក​ក្នុងកំរិតខ្ពស់ ដើម្បីកសាង​ទំនុកចិត្ត​រវាងគ្នា»

គួរបញ្ជាក់ថា លោក Lee Hsien Loong បានបំពេញដំណើរទស្សនកិច្ច​រយៈពេល ០៦ ថ្ងៃដោយ​ចាប់ផ្ដើម​ពីថ្ងៃសៅរ៍​សប្ដាហ៍មុន។ ដោយឡែក​នៅក្នុងឱកាសនោះដែរ លោក ​Lee និង លោក ត្រាំ បានធ្វើជាសាក្សី​នៃពិធីចុះហត្ថលេខា​ រវាងក្រុមហ៊ុន​អាកាសចរណ៍ Singapore Airlines (SIA) និងក្រុមហ៊ុន Boeing ក្នុងទិញយន្តហោះ Boeing ៣៩គ្រឿង ក្នុងតម្លៃជាង ១៣.៨ពាន់លានដុល្លារ ហើយមិនតែ​ប៉ុណ្ណោះ​មេដឹកនាំ​ទំាងពីរ ក៏នឹង​ពិភាក្សាគ្នាផងដែរស្ដីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងវិស័យ​ការពារជាតិ៕