(តូក្យូ)៖ បន្ទាប់ពីបានទទួល​ជោគជ័យយ៉ាង​ធំធេង នៅក្នុងការបោះឆ្នោត​សភាកាលពី​ថ្ងៃអាទិត្យ នាយករដ្ឋមន្រ្តី​ជប៉ុន​លោក ស៊ីនហ្សូ អាបេ បានសន្យា​យ៉ាងមុតមាំថា នឹងរិះរក​ដំណោះស្រាយ ដើម្បីទប់ទល់ការ​​គំរាម​កំហែង ពី​ប្រទេស​កូរ៉េខាងជើង​​​ឲ្យបាន។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ​២០១៧។

កាលពីខែ​កញ្ញាកន្លងទៅ លោក អាបេ បានប្រកាសពី​ការរំលាយសភា ហើយអំពាវនាវ​ឲ្យមានការបោះ​ឆ្នោតមុន​​កាល​កំណត់ ដើម្បីអាចមាន​ពេលវេលាគ្រប់គ្រាន់ សម្រាប់ដោះស្រាយ​វិបត្តិជាច្រើន រួមមានទាំងការ​គំរាមកំហែងកាន់តែ​ខ្លាំងឡើងរបស់​របបដឹកនាំ​ទីក្រុងព្យុងយ៉ាង ដែលកាលពីប៉ុន្មាន​ខែកន្លងទៅនេះ បានផ្លោងមីស៊ីល ០២គ្រាប់ រំលង​ពី​លើដែន​អាកាសរបស់​ប្រទេសជប៉ុន ដោយឥតញញើត​កោតក្រែង។

ក្នុងការបោះឆ្នោតកាលពី​ថ្ងៃអាទិត្យ រដ្ឋាភិបាលចម្រុះ​ដែលកំពុងកាន់អំណាច​របស់លោក ស៊ីនហ្សូ អាបេ នៅតែ​បន្ត​រក្សាបានអាសនៈ ០២ភាគ០៣ នៅក្នុងសភាដដែល ហើយប្រការនេះ នឹងបើកផ្លូវសម្រាប់​លោក អាបេ ធ្វើវិសោធនកម្ម​​​លើរដ្ឋធម្មនុញ្ញសន្តិភាព​និយមក្រោយសង្រ្គាម របស់ជប៉ុន។

លោកនាយករដ្ឋមន្រ្តី​ជប៉ុនរូបនេះ ធ្លាប់បានអំពាវនាវ​ឲ្យមាន​​ការទទួល​ស្គាល់​ជាផ្លូវការ ចំពោះកងកម្លាំង​ប្រដាប់អាវុធ​ជប៉ុន ដែលគេស្គាល់ថា​ជា «កងកម្លាំង​ស្វ័យការពារ» ជាចេតនាដ៏​ចម្រូងចម្រាស​មួយ ដែលលោក អាបេ បានអះ​អាង​ថា​​ ជា​រឿងចាំបាច់ ដើម្បីពង្រឹងវិស័យ​ការពារជាតិ​ជប៉ុន ខណៈក្រុមអ្នករិះគន់​​បានលើក​ឡើងថា ជាការបោះ​ជំ​ហាន​​ទៅ​រកការធ្វើ​​វិសោធនកម្មវិស័យយោធា នៅក្នុងប្រទេសឡើងវិញ ដូចកាលពីសម័យ​សង្រ្គាមលោក។

ថ្លែងក្នុងសន្និសីទ​សារព័ត៌មានមួយ​ក្នុងទីក្រុងតូក្យូ លោក អាបេ បាននិយាយថា ជ័យជម្នះ​របស់លោក បានកើតចេញ​ពីការបោះឆ្នោតប្រកបដោយទំនុកចិត្ត ពីសំណាក់ជនរួមជាតិជប៉ុន មកលើរដ្ឋាភិបាលរបស់លោក ហើយដោយឈរ​លើមូលដ្ឋាននេះ រដ្ឋបាលរបស់លោក ប្តេជ្ញាថានឹងចាត់វិធានការទប់ទល់ខ្លាំងៗ ប្រឆាំងនឹង​ការគំរាមកំហែងរបស់​​កូរ៉េ​ខាង​​ជើង​។ លោក អាបេ បានបន្ថែមថា លោកនឹងធានា​ឲ្យបានពីសន្តិសុខ​សុវត្ថិភាព​ នៃប្រជាពលរដ្ឋជប៉ុន និងថែរក្សា​ការពារប្រជាជាតិ​របស់លោក។

គួរបញ្ជាក់ថា គណបក្សកាន់​អំណាច LDP របស់លោក អាបេ ដែលចងសម្ព័ន្ធភាព​ជាមួយគណបក្ស Komeito ទទួល​​បាន​​អាសនៈចំនួន ៣១៣កៅអី ក្នុងចំណោម​អាសនៈសរុប ៤៦៥ នៅក្នុងសភាជាន់ទាបជប៉ុន ដែល​ប្រការនេះ​​នឹង​​ផ្តល់​​សិទ្ធិ​ឲ្យលោក មានឱកាសធ្វើការ​កែប្រែរដ្ឋធម្មនុញ្ញ​ខាងលើបាន។ ដោយឡែកទោះបីជា ការធ្វើវិសោធនកម្ម​នេះ អាច​ឆ្លងផុតសភា​ទាំងពីរជាន់ថ្នាក់​ក៏ដោយ វានៅតែត្រូវ​ការការសម្រេច​ជាចុងក្រោយ តាម​រយៈ​ការ​​បោះ​ឆ្នោត​ប្រ​ជា​មតិ​មួយដំណាក់​កាលទៀត​​។

គួរបញ្ជាក់ថា ការឈ្នះឆ្នោតលើកនេះរបស់លោក ស៊ីនហ្សូ អាបេ ក៏នឹងជួយឲ្យ​លោកមានឱកាស​កាន់តែច្រើនឡើង​ ក្នុងការបន្តអាណត្តិទី ០៣ របស់លោក ក្នុងនាមជា​ប្រធានបក្ស LDP ផងដែរ នៅពេលដែល​គណបក្សនេះ ធ្វើ​ការ​បោះ​ឆ្នោត​មេ​ដឹក​នាំ​​ជាថ្មីម្តងទៀត នៅខែកញ្ញា ឆ្នាំ២០១៨។ នៅក្នុងករណី​លោក អាបេ នៅតែត្រូវ​គេ​បោះ​ឆ្នោត​ជ្រើស​រើស​​ទៀត​នោះ លោក អាបេ នឹងក្លាយជា​នាយករដ្ឋមន្រ្តីជប៉ុន ដែលកាន់​អំណាចយូរជាងគេ​បំផុត គិត​ចាប់​តាំង​តែ​ពីឆ្នាំ​២០១២មក​៕