(ហាណូយ)៖ អាកាស​យានដ្ឋាន វ៉ាន់ដុន (Van Don) ស្ថិតនៅក្នុងខេត្ត ក្វាងនិញ (Quang Ninh) ភាគខាងជើង​ប្រទេស​វៀតណាម ដែលអាចបម្រើ​សេវាកម្មជើងហោះ​ហើរ​អន្តរជាតិ គ្រោងនឹងធ្វើ​ប្រតិបត្តិការនៅ ខែមេសា ឆ្នាំ២០១៨។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ​​ ទី២៣ ខែតុលា ឆ្នាំ២០១៧។

ជាមួយគ្នា​នោះដែរ បើតាមប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុងស្រុក អាកាសយានដ្ឋាន Van Don នៃស្រុក Van Don ដែលត្រូវចំណាយ​អស់ប្រាក់ជាង ៣២៧លានដុល្លារ​ក្នុងការស្ថាបនា នឹងមាន សមត្ថភាព​បម្រើអ្នកដំណើរ ០២លាននាក់ និងដឹកទំនិញ ១០,០០០តោន ក្នុងមួយឆ្នាំៗ។ ជាងនេះ​ទៅទៀត អាកាសយានដ្ឋាន​មួយនេះ ក៏ត្រូវបាន​រចនាឡើង​ មានមុខងារជា​អាកាសយានដ្ឋាន​នៅ ក្នុងស្រុក​មានសមត្ថភាព​ប្រើសេវាកម្មហោះហើរ​អន្តរជាតិ​ផងដែរ។

គួររំលឹកថា កាលពី​ឆ្នាំ២០១៦ រដ្ឋាភិបាល​វៀតណាម បានសម្រេចចិត្ត​បង្កើតតំបន់​សេដ្ឋកិច្ចពិសេស​ចំនួនបី ក្នុងនោះ​មានដូចជា តំបន់សេដ្ឋកិច្ច​ពិសេស Van Don នៃខេត្ត Quang Ninh, បាក់ វ៉ាន់ ផុង (Bac Van Phong) ស្ថិតនៅភាគកណ្ដាលខេត្ត កាញ់ហាវ (Khanh Hoa) និង ភូកុក (Phu Quoc) នៃភាគខាងត្បូងខេត្ត កៀនកាង (Kien Giang)។ ប៉ុន្តែគេសង្កេត​ឃើញថា ខេត្ត Quang Ninh បានទាក់ទាញ​ការវិនិយោគ​ជាង ១.៦ពាន់លានដុល្លារ សម្រាប់គំរោង​សាងសង់​ផ្លូវជាតិ ស្ពានទៅកាន់​ស្រុក Van Dong និងតំបន់ទេសចរណ៍​ដូចជារីសត កាស៊ីណូ រួមទាំងតំបន់​វាយកូនហ្គោល ដែលកំពុង​ស្ថិតនៅ​ក្រោម​ការសាងសង់៕