(ហ្សាការតា)៖ ឥណ្ឌូណេស៊ី នឹងផ្ញើលិខិតការទូត​មួយ​ ទៅកាន់រដ្ឋមន្រ្តីការបរទេស​អាមេរិក ហើយកោះហៅ​ឯកអគ្គរដ្ឋ​ទូត​រងរបស់ទីក្រុងវ៉ាស៊ីនតោន ប្រចាំនៅរដ្ឋធានីហ្សាការតា ឲ្យមកបកស្រាយ​ឲ្យបានច្បាស់ថា ហេតុអ្វីដែលបានជា​ មេបញ្ជាការ​យោធាជាន់ខ្ពស់​របស់​ឥណ្ឌូណេស៊ី ត្រូវបានបដិសេធ​ មិនឲ្យចូលទៅក្នុងទឹកដី​សហរដ្ឋអាមេរិក។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០១៧។

ថ្លែងប្រាប់ក្រុមអ្នក​សារព័ត៌មាននៅក្នុងទីក្រុងហ្សាការតា អ្នកនាំពាក្យយោធា លោក វូរីយ៉ាន់តូ (Wuryanto) បានឲ្យដឹងថា អគ្គ​មេ​បញ្ជា​ការ​​កង​​ប្រដាប់​អាវុធ​ឥណ្ឌូណេស៊ី លោក ហ្គាតូត នួម៉ាន់ត្យូ (Gatot Nurmantyo) បំរុងនឹងឡើងយន្តហោះ​ចាកចេញទៅ​ហើយ កាល​ពីថ្ងៃសៅរ៍ចុង​សប្តាហ៍មុននេះ ប៉ុន្តែក្រោយមក​ក្រុមហ៊ុន​អាកាសចរណ៍ បានជូនដំណឹង​ត្រឡប់មកវិញថា នាយកដ្ឋានគយ​ ​និងការពារព្រំដែន​របស់​សហរដ្ឋអាមេរិក បានបដិសេធមិន​ឲ្យរូបលោក ចូលក្នុងទឹកដីរបស់​ពួកគេ​ឡើយ។

គួរបញ្ជាក់ថា លោក Nurmantyo បានគ្រោងនឹងធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក តបតាមការអញ្ជើញរបស់ លោក ចូសិប ដុនហ្វដ (Joseph Dunford Jr) ប្រធាន​អគ្គសេនាធិការ​ចម្រុះ ដើម្បីចូលរួមសន្និសីទ​វិស័យការពារជាតិ​ ស្តីពីការបង្រ្កាបអំពើហិង្សា​​ជ្រុល​និយម ដែលនឹងប្រព្រឹត្ត​ទៅក្នុងរដ្ឋធានី​វ៉ាស៊ីនតោន ចាប់ពីថ្ងៃទី២៣ ដល់ទី២៤ ខែតុលានេះ៕