(តូក្យូ)៖ នៅទីបំផុតដូចជាការរំពឹងទុកតែម្តង អ្នកបោះឆ្នោតនៅទូទាំង​ប្រទេសជប៉ុន បានបោះឆ្នោត​គាំទ្រ គណបក្ស​សេរីនិយមប្រជាធិបតេយ្យ នៃលោក​នាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ និងគណបក្ស​ជាដៃគូ Komeito ឱ្យទទួលបាន​សំឡេងគ្រប់គ្រាន់​ ក្នុងការរក្សាសំឡេង​ភាគច្រើន​ពីរភាគបី នៅក្នុងសភា​ជាន់ទាប។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន NHK នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០១៧។

យោងតាមលទ្ធផលចេញផ្សាយ​ដោយ NHK គណបក្សសេរី​ប្រជាធិបតេយ្យ (LDP) និងគណបក្ស Komeito ទទួលអាសនៈ ៣១២កៅអី ក្នុងចំណោម​អាសនៈសរុប ៤៦៥កៅអី នៅក្នុងការ​បោះឆ្នោត​សភាជាន់ទាប មុនអាណត្តិកាលពីថ្ងៃអាទិត្យ។ មួយវិញទៀត ផ្អែកលើ​ជ័យជម្នះនេះ នឹងបើកផ្លូវឱ្យ​លោក ស៊ីនហ្សូ អាបេ ធ្វើកំណែទម្រង់​រដ្ឋធម្មនុញ្ញ​សន្តិនិយម អនុម័ត​ដោយ​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ១៩៤៧ ក៏ដូចជា​ពង្រឹងអំណាច​របស់លោកកាន់តែធំ​នៅសភា ក្នុងនាមជា​នាយករដ្ឋមន្ត្រី​កាន់អំណាច​យូរជាងគេ ប្រឈមមុខ​នឹងការកើនឡើង​នៃភាពតាន តឹងជាមួយ​កូរ៉េខាងជើង។

គួរបញ្ជាក់ថា ក្រោយការ​ប្រកាសលទ្ធផល​ថា គណបក្សខ្លួន​ទទួលសំឡេង​ពីរភាគបី​នៅក្នុងសភាជាន់ទាប លោក អាបេ បានសន្យាភ្លាមថា លោកនឹងដោះស្រាយយ៉ាង​ម៉ឺងម៉ាត់​ជាមួយ ទីក្រុង​ព្យុងយ៉ាង​ ដែលកំពុងមាន​ភាពជឿនលឿនទៅមុខ​លើបច្ចេកវិទ្យា​មីស៊ីល និងអាវុធ​នុយក្លេអ៊ែរ៕