(ម៉ូស្គូ)៖ ក្នុងអំឡុងពេល ២០ឆ្នាំកន្លងទៅនេះ សហរដ្ឋអាមេរិក​មានឈ្មោះជា​ប្រទេសហត្ថលេខី ប៉ុន្តែពុំមែនជា​សមាជិក​ឡើយ នៃកិច្ចព្រមព្រៀង​ហាមឃាត់ការធ្វើតេស្ត​អាវុធនុយក្លេអ៊ែរ CTBT ជាបំរាមកាលឆ្នាំ១៩៩៦ របស់អង្គការ​សហប្រ​ជាជាតិ ទៅលើអាវុធជាតិ​ផ្ទុះនុយក្លេអ៊ែរ​ទាំងអស់ មិនថា​ប្រើប្រាស់សម្រាប់​គោលបំណងអ្វីឡើយ។ ដោយសារតែ​​បញ្ហា​​អាវុធនុយក្លេអ៊ែរ បានក្លាយជា​ប្រធានបទដ៏​ក្តៅគគុក នៅលើឆាក​អន្តរជាតិ​សាជាថ្មីឡើងវិញនោះ សហគមន៍​អន្តរជាតិ​ដែលមិនគាំទ្រ​ការរីកសាយភាព នៃអាវុធប្រល័យលោក បានអំពាវនាវ​ឲ្យព្រឹទ្ធសភាអាមេរិក​ផ្តល់សច្ចាប័ន លើ​សន្ធិសញ្ញា​នេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០១៧។

រដ្ឋនុយក្លេអ៊ែរចំនួន ០៦ ក្នុងចំណោម ០៩ ដែលមិនទាន់​បានផ្តល់សច្ចាប័ន​លើសន្ធិសញ្ញា CTBT រួមមាន ចិន ឥណ្ឌា អ៊ីស្រាអែល កូរ៉េខាងជើង ប៉ាគីស្ថាន និងសហរដ្ឋអាមេរិក ខណៈបារាំង រុស្ស៊ី និងចក្រភពអង់គ្លេស គឺជារដ្ឋនុយក្លេអ៊ែរ​​​ដែលបានចុះហត្ថលេខា ហើយផ្តល់​សច្ចាប័នដល់សន្ធិសញ្ញា​អន្តរជាតិ​នេះថែមទៀត។

យ៉ាងណាមិញ CTBT អាចចូលជាធរ​​មានពេញលេញបាន​លុះត្រាតែប្រជាជាតិ​ឧបសម្ព័ន្ធ-២ ទាំង ៤៤ប្រទេស ដែល​បាន​ឬកំពុងស្រាវជ្រាវលើ​ថាមពលនុយក្លេអ៊ែរ ផ្តល់សច្ចាប័ន​លើសន្ធិសញ្ញានេះ​ទាំងអស់គ្នា។ ដោយឡែក ក្រៅពី​រដ្ឋ​​នុយក្លេអ៊ែរទាំង ០៦ អេហ្ស៊ីប និងអ៊ីរ៉ង់ ដែលជារដ្ឋឧបសម្ព័ន្ធ-២ (Annex 2) នោះ ក៏ពុំទាន់ផ្តល់​សច្ចាប័នលើ​កិច្ចព្រមព្រៀង​​នេះដែរ ខណៈប្រទេស ៣៦ផ្សេងទៀត បានធ្វើការផ្តល់​សច្ចាប័នរួចរាល់​អស់ហើយ។

ជុំវិញរឿងនេះ សហគមន៍អន្តរជាតិ​ដែលប្រឆាំងនឹងការប្រើប្រាស់​អាវុធប្រល័យលោក រួមមានលោក Hans Blix ដែល​ធ្លាប់បានដឹកនាំ​ទីភ្នាក់ងារថាមពលអាតូមិ​កអន្តរជាតិនោះ បានបង្ហាញពីភាព​មិនជឿជាក់ ចំពោះសហ​រដ្ឋ​អា​មេ​រិក ដែលថាថ្ងៃណាមួយ​អាចនឹង​ផ្តល់សច្ចាប័ន​ដល់សន្ធិសញ្ញានេះ ដោយសម្អាងថា ទីក្រុងវ៉ាស៊ីនតោន​មាន​​បំណង​ចង់​​រក្សា​សេរី​ភាព​នៃ​សកម្មភាពរបស់​សហរដ្ឋអាមេរិក។ លោក Blix បានជំរុញឲ្យព្រឹទ្ធសភា​អាមេរិក សម្រេច​ផ្តល់សច្ចាប័ន​​ចំពោះសន្ធិសញ្ញានេះ៕