(ម៉ានីល)៖ មេដឹកនាំក្រុម​ឧទ្ទាមធំបំផុត នៅភាគខាងត្បូងប្រទេសហ្វីលីពីន អាប៊ូសាយយ៉ាហ្វ ​ត្រូវបានទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធរបស់អាមេរិក FBI បញ្ជាក់ក្រោយ​ការតាមដាន​យ៉ាង​ល្អិតល្អន់ថា ពិតជាបាន​ស្លាប់ប្រាកដមែន នៅមុនប៉ុន្មានថ្ងៃ​នៃការរំដោះទីក្រុង ម៉ារ៉ាវី (Marawi) កាលពីដើម​សប្តាហ៍នេះ។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០១៧។

រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ដែលហ្វីន ឡរ៉េនហ្សាណា ​(Delfin Lorenzana) បាន​បញ្ជាក់យ៉ាងដូច្នេះថា «មេដឹកនាំអាប៊ូសាយយ៉ាហ្វ គឺលោក អ៊ីសនីឡូន ហាភីឡូន (Isnilon Hapilon) ពិតជាបានស្លាប់ប្រាកដមែន។ បុគ្គលរូបនេះ គឺជា​អ្នកដឹកនាំក្រុម​ភេរវករ​នៅភាគ​ខាងត្បូង​ប្រទេស​ហ្វីលីពីន ដែលមានទំនោរគាំទ្រក្រុម ISIS ដែលជាបណ្តាញ​ភេរវករ​ធំបំផុត​នៅលើពិភពលោក»។  

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិហ្វីលីពីន បានអះអាងបន្ថែមទៀតថា «យើងបានទទួលរបាយការណ៍ផ្លូវការ ពីទីភ្នាក់ងារ FBI របស់អាមេរិក ដោយយោងលើ​គំរូ DNA ដែលត្រូវបានយកពីខ្លួនជនសង្ស័យ ដែលត្រូវបានសម្លាប់នៅ Marawi នោះ សាកសព​ពិតជាសាកសព​របស់ Hapilon មេដឹកនាំ​អាប៊ូសាយយ៉ាហ្វ ពិតប្រាកដ»។

គួរបញ្ជាក់ថា លោក Hapilon ដ៏ស្ថិតនៅក្នុងបញ្ជីខ្មៅ​របស់ក្រសួងការបរទេស​អាមេរិកផងដែរ ដោយកន្លងមក​​អាមេរិក​ធ្លាប់បាន​ប្រកាសថា នឹងផ្តល់ប្រាក់រង្វាន់ ៥លានដុល្លារ ដល់អ្នក​ដែលអាចចាប់ខ្លួន ឬផ្តល់ព័ត៌មាន​ឈាន​​ទៅរកការ​ចាប់ខ្លួន Hapilon ជាមេដឹកនាំ​ក្រុមអាប៊ូសាយយ៉ាហ្វ នៅភាគខាងត្បូង​ប្រ​ទេស​ហ្វីលីពីន ដែលភេរវករទទួលជំនួយ​ពីក្រុម​អាល់កៃដា និងជាអ្នកដើរតាមគន្លង ISIS នោះ៕