(សេអ៊ូល)៖ កងទ័ពអាកាស​កូរ៉េខាងត្បូង (ROKAF) បានប្រកាសឲ្យដឹង​ជាសាធារណៈ អំពីការ​ទិញដ្រូន (យន្តហោះ​គ្មាន​អ្នក​បើកបរផ្ទាល់) ប្រភេទ RQ-4 Global Hawk ចំនួន ០៤គ្រឿង សរុបជាទឹកប្រាក់​ជិត ០១ពាន់លានដុល្លារ ពី​សហ​រដ្ឋ​អា​មេ​រិក នៅចំពោះមុខភាពតាន​​តឹងជាមួយ​កូរ៉េខាងជើង។ នេះបើតាមការចេញ​ផ្សាយ​ដោយ សារព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០១៧។

យន្តហោះដ្រូន (Drone) ខាងលើនេះ ដែលក្នុងមួយគ្រឿង​មានតម្លៃ ២២៣លានដុល្លារនោះ ត្រូវទិញយកក្រោម​ក្រប​ខណ្ឌ នៃកម្មវិធី​ស៊ើបការណ៍ថ្មី​មួយរបស់ ROKAF។ កងទ័ពអាកាស​កូរ៉េខាងត្បូង​បានបញ្ជាក់ថា យន្តហោះ ០២គ្រឿង​ ដំបូងក្នុង​ចំណោមនោះ នឹងត្រូវទទួលបាននៅខែធ្នូ​ខាងមុខនេះ ខណៈ​០២គ្រឿងទៀត​នឹងមកដល់​នៅឆ្នាំ២០១៩។ យន្តហោះដ្រូនទាំង ០៤គ្រឿង នឹងត្រូវដាក់ឲ្យ​ឈរជើង​នៅក្នុងមូលដ្ឋាន​យោធា គ្យើយ៉ុងដេ (Gyeryongdae) ក្នុងខេត្ត ជុងជឿង (Chungcheong) ខាងត្បូង។

គួរបញ្ជាក់ថា យន្តហោះដ្រូន Global Hawk ទាំងនេះ​ត្រូវគេរំពឹងថា នឹងយកទៅប្រើប្រាស់ ដើម្បីតាមឃ្លាំមើល​សកម្ម​ភាពមីស៊ីល និងនុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង៕