(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាត់ទុកកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយប្រទេស អ៊ីរ៉ង់ ថាជាកិច្ចព្រមព្រៀងដ៏អន់បំផុតមួយ ព្រមទាំងសម្រេចដកខ្លួនចេញពីរឿងនេះ ដោយមិនបង្កផលប៉ះពាល់អាក្រក់ដល់ទំនាក់ទំនងជាមួយប្រទេស អ៊ីរ៉ង់ ឬសម្ព័ន្ធមិត្តអាមេរិក ដែលចង់បន្តរក្សាកិច្ចព្រមព្រៀមនេះឱ្យនៅដូចដើមនោះឡើយ។

លោក ដូណាល់ ត្រាំ បានប្រកាសនាពេលថ្មីៗនេះដោយបដិសេធមិនទាមទារការអះអាងជាថ្មីពីសំណាក់ប្រទេស អ៊ីរ៉ង់ ស្តីពីការអនុវត្តកិច្ចព្រមព្រៀង ឆ្នាំ២០១៥ឡើយ (កិច្ចព្រមព្រៀងនេះបានរារាំងប្រទេស អ៊ីរ៉ង់ មិនឱ្យអភិវឌ្ឍន៍កម្មវិធីអាវុធនុយក្លេអ៊ែរ សម្រាប់រយៈពេលយ៉ាងហោចណាស់មួយទសវត្សរ៍ ដើម្បីជាថ្នូរនឹងការសម្រាលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីអន្តរជាតិ)។

ហើយប្រធានាធិបតីរូបនេះ ក៏នឹងមិនស្នើសភាឱ្យដាក់ទណ្ឌកម្មសាជាថ្មីទៅលើប្រទេស អ៊ីរ៉ង់ ផងដែរ ដែលឥរិយាបទថ្មីនេះអាចជាការជម្រុញឱ្យប្រទេស អ៊ីរ៉ង់ ដកខ្លួនចេញពីកិច្ចព្រមព្រៀង ព្រមទាំងចាប់ផ្តើមកម្មវិធីនុយក្លេអ៊ែរជាថ្មី។ ឥរិយាបទដ៏ចម្លែករបស់ប្រធានាធិបតីរូបនេះ បានធ្វើឱ្យមហាអំណាចពិភពលោក មានភាពស្រងាកចិត្តជាខ្លាំង ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះជាមួយសហរដ្ឋអាមេរិកពីមុនមក។

ការពិតទៅសភាតម្រូវឱ្យប្រធានាធិបតីអាមេរិក ទាមទារការអះអាងពីប្រទេស អ៊ីរ៉ង់ ក្នុងរយៈពេលរាល់បីខែម្តងថា ខ្លួនពិតជាបានអនុវត្តតាមកិច្ច ព្រមព្រៀងនេះពិតមែន។ ប៉ុន្តែបើទោះបីជាប្រធានាធិបតី ដូណាល់ ត្រាំ បដិសេធមិនធ្វើបែបនេះក្តី ក៏មានហេតុផលមួយចំនួនអូសទាញសភាអាមេរិក មិនមានបំណងចង់ដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេស អ៊ីរ៉ង់ជាថ្មីឡើយ។

ហេតុផលសំខាន់ ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា ប្រទេស អ៊ីរ៉ង់ បច្ចុប្បន្នពិតជាបានអនុលោមទៅតាមកិច្ចព្រមព្រៀង ព្រមទាំងមិនមានការជាប់ពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែរឡើយ។

សមាជិករដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ រួមមានរដ្ឋមន្ត្រីការពារជាតិលោក ជីម ម៉ាទីស បានសម្តែងការប្រឆាំងរាល់សកម្មភាពដែលបង្ក ផលប៉ះពាល់ដល់កិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខាផងដែរ ដោយភាគី ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី និងចក្រភពអង់គ្លេស។ ថ្មីៗនេះលោក ម៉ាទីស បានប្រាប់សភាថា «ប្រសិនបើយើងអាចអះអាងបានថា អ៊ីរ៉ង់ពិតជាអនុវត្តទៅតាមកិច្ចព្រមព្រៀងនេះ ហើយយើងអាចកំណត់បានថា កិច្ចព្រមព្រៀងនេះផ្តល់ប្រយោជន៍សម្រាប់យើងនោះ ច្បាស់ណាស់ថាយើងគួរបន្តកិច្ចព្រមព្រៀងនេះតទៅទៀត»។

លោក ដូណាល់ត្រាំ រួមជាមួយភាគីអ៊ីស្រាអែល និងមជ្ឈដ្ឋានដទៃទៀតបានរិះគន់ ទៅលើកិច្ចព្រមព្រៀងនេះ ដែលត្រូវបានចុះហត្ថលេខាដោយ អតីតប្រធានាធិបតីអាមេរិក លោក អូបាម៉ា បានបង្ហាញក្តីបារម្ភថាអ៊ីរ៉ង់ អាចនឹងក្លែងបន្លំ ព្រមទាំងលួចអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដោយសម្ងាត់ដោយគ្មានការតាមដានច្បាស់លាស់។ ប៉ុន្តែការលើកឡើងបែបនេះ បែរជាត្រូវបានជំទាស់ដោយក្រុមអ្នកអង្កេតការរបស់អង្គការសហប្រជាជាតិ។

ពួកគេក៏បានរិះគន់ផងដែរថា ការដកទណ្ឌកម្មនេះ បានផ្តល់ឱ្យអ៊ីរ៉ង់ចំណេញបានប្រាក់រាប់លានដុល្លារ ដើម្បីឧបត្ថម្ភអង្គការភេរវកម្មនៅជុំវិញពិភពលោក និងអភិវឌ្ឍគ្រាប់មីស៊ីលផ្លោង ដែលបញ្ហានេះមិនត្រូវបានលើកឡើងក្នុងកិច្ចព្រមព្រៀងឡើយ។ បើសិនជាសភាបែរជាដាក់ទណ្ឌកម្ម ទៅលើប្រទេស អ៊ីរ៉ង់ជាថ្មី ដែលជំរុញឱ្យប្រទេសនេះច្រានចោលកិច្ចព្រមព្រៀងនោះ វានឹងក្លាយជារឿងល្អសម្រាប់អ៊ីរ៉ង់ ដោយសាររដ្ឋាភិបាលតេអ៊ីរ៉ង់ ធ្លាប់ទទួលអត្ថប្រយោជន៍ច្រើន រួចមកហើយពីការសម្រាលទណ្ឌកម្ម ហើយស្រាប់តែអាចចាប់ផ្តើមកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ ពេលនោះគ្រប់គ្នានឹងបន្ទោសថា កំហុសគ្រប់យ៉ាងបណ្តាលមកពីសហរដ្ឋអាមេរិក។

ទណ្ឌកម្មថ្មីនឹងធ្វើឱ្យមានប៉ះពាល់ដល់ ការធ្វើវិនិយោគទុន ដែលមានតម្លៃជាទឹកប្រាក់រាប់ពាន់លានដុល្លារ ដែលត្រូវបានលើកឡើងក្នុងចរចារួចហើយ។ ការដាក់ទណ្ឌកម្មនេះ ក៏នឹងបង្កការខឹងសម្បាពីសំណាក់សម្ព័ន្ធមិត្តអាមេរិកដែលក្នុងនោះរួមទាំងប្រទេសបារាំងផងដែរ ដែលបានជម្រុញសហរដ្ឋអាមេរិក កុំឱ្យបោះបង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ។

ផ្ទុយទៅវិញ ជាជាងការជម្រុញការបន្តអនុវត្តកិច្ចព្រមព្រៀងនេះ លោក ដូណាល់ ត្រាំបែរជាគ្រោងនឹងអំពាវនាវ ឱ្យមានកិច្ចចរចាថ្មីដើម្បីធ្វើកំណែទម្រង់ កិច្ចព្រមព្រៀងនេះទៅវិញ។ ក្រុមអ្នករិះគន់ជាច្រើនរូបជំរុញសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បង្ខំប្រទេស អ៊ីរ៉ង់ ទទួលយកការធ្វើកំណែទម្រង់ថ្មី ដូចជាការរឹតបន្តឹងលើការសាកល្បងគ្រាប់មីស៊ីល និងហាមឃាត់ការផ្តល់មូលនិធិដល់សកម្មជនជ្រុលនិយមនៅមជ្ឈឹមបូព៌ា។

ប៉ុន្តែវិធីសាស្រ្តនេះ ទំនងជាមិនងាយទទួលបានជោគជ័យនោះទេ។ រដ្ឋាភិបាល អ៊ីរ៉ង់ ធ្លាប់បានបដិសេធម្តងហើយម្តងទៀត ក្នុងការចរចាដើម្បីកែប្រែឡើងវិញ ទៅលើផ្នែកណាមួយនៃកិច្ចព្រមព្រៀងឆ្នាំ២០១៥។

ជាមួយគ្នានេះដែរ លោក ឡាក់ កូហ្វេយ អ្នកវិភាគនៅប្រចាំមូលនិធិ Heritage Foundation បាននិយាយថា សេតវិមានអាចធ្វើការជាមួយសភា ដើម្បីដាក់ទណ្ឌកម្មធ្ងន់ធ្ងរបន្ថែម ដែលជាមធ្យោបាយមួយ អូសទាញប្រទេសអ៊ីរ៉ង់ឱ្យយល់ព្រមចូលមកតុចរចាជាថ្មី។ ប៉ុន្តែយ៉ាងនេះក្តី លោកក៏បានទទួលស្គាល់ផងដែរថា វាទំនងជាមិនអាចទៅរួចនោះទេ។ លោកបានលើកឡើងថា «ខ្ញុំមើលឃើញថា ប្រទេស អ៊ីរ៉ង់ ទំនងជាមិនចង់ធ្វើកិច្ចចរចាណាមួយជាថ្មីម្តងទៀតឡើយ បន្ទាប់កិច្ចព្រមព្រៀងពីមុននេះហាក់មានភាពលំអៀង និងផ្តល់ប្រយោជន៍ច្រើនទៅភាគីអ៊ីរ៉ង់រួចស្រេចទៅហើយនោះ»៕