(ឡុងដ៍)៖ មេដឹកនាំ​សហភាពអឺរ៉ុប​បានព្រមព្រៀងគ្នា ក្នុងការរៀបចំ​កិច្ចសន្ទនា​ពាណិជ្ជកម្ម​ជាមួយចក្រភព​អង់គ្លេស ខណៈលោក​ស្រី​នាយករដ្ឋមន្ត្រី ថេរេសា ម៉ាយ (Theresa May) បានទទួល​ស្គាល់ថា មានផ្លូវមួយ​ចំនួនឆ្ពោះទៅ​រកកិច្ចចរចា។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន BBC នៅល្ងាចថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧។

ដូចការ​គ្រោងទុក លោកស្រី May ​និងមេដឹកនាំ​នៃបណ្ដាប្រទេសជា​សមាជិក​សហភាពអឺរ៉ុបទាំង ២៧ បានឯកភាព​គ្នា​នៅក្នុងកិច្ចប្រជុំមួយ នៅឯទីក្រុងព្រុចសែលនាងថ្ងៃព្រហស្បតិ៍សប្តាហ៍​នេះថា មិនទាន់មានការជឿនលឿន​ទៅមុខគ្រប់គ្រាន់ សម្រាប់កិច្ចចរចា​ស្ដីពីពាណិជ្ជកម្ម​នៅឡើយទេ បន្ទាប់ពីអង់គ្លេស​បានដំណើរការនីតិវិធី លែងលះជាមួយ​សហភាពអឺរ៉ុប ឬ Brexit។ ក៏ប៉ុន្តែ​នៅអំឡុងកិច្ចពិភាក្សា ពួកគេបានត្រួសត្រាយ​ផ្លូវ​ដើម្បីចាប់ផ្ដើម​ការចរចា ដែលអាចនឹងត្រូវ​ធ្វើឡើងនៅខែ​ធ្នូខាងមុខនេះ។

គួរបញ្ជាក់ថា អង់គ្លេសនឹងចាកចេញពី​សហភាពអឺរ៉ុប ជាផ្លូវការនៅខែមីនា ឆ្នាំ២០១៧ ក្រោយការ​បោះឆ្នោត Brexit កាលពីឆ្នាំ២០១៦។ ចំណែកឯ​កិច្ចប្រជុំក្នុងទីក្រុង​ព្រុចសែល រវាង លោកស្រី May និងបណ្ដាមេដឹកនាំ​សហភាពអឺរ៉ុប​ទាំង ២៧ គឺធ្វើឡើង​ក្នុងគោលបំណង​ពិនិត្យមើល ភាពរីកចំរើន​នៃ​កិច្ចចរចា Brexit​ ជាមួយ​ទីក្រុងឡុងដ៍៕